ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈរៀបចំសិក្ខាសាលាបង្ហាញបទពិសោធន៍«បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹក នាំ» ជូនមន្ត្រីរាជការជាន់ខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ ឥស្សរជនចំនួន០៣រូប ដែលមានបទពិសោធក្នុងការដឹកនាំអង្គភាព ក្រសួង ស្ថាប័ន ចែករំលែកឧត្តមានុវត្តន៍ស្តីពី «បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹក នាំ» ជូនមន្ត្រីរាជការជាន់ខ្ពស់ មកពីក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលរៀបចំដោយក្រសួងមុខងារសាធារណៈកាលពីរសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០២៤។

សិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ស្តីពី «បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ» ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ទទួលបានកិត្តិយស ដោយ មានវាគ្មិនកិត្តិយស ចំនួន០៣រូប ដែលមានបទពិសោធក្នុងការដឹកនាំអង្គភាព ក្រសួង ស្ថាប័ន ទទួលបានជោគជ័យកន្លងមក បានចូលរួមធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ស្តីពី «បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ»។ 

វាគ្មិនទាំង៣រូប នោះរួមមាន៖ ១)លោក ឯក ស៊ុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ធ្វើបទបង្ហាញលើប្រធានបទឧត្តមានុវត្តន៍ស្តីពី បរិវត្តកម្មនិងនវានុវត្តន៍ក្នុងការដឹកនាំនិងគ្រប់គ្រងស្ថាប័នថ្នាក់ជាតិ ២)លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ធ្វើបទបង្ហាញលើប្រធានបទឧត្តមានុវត្តន៍ស្តីពី បរិវត្តកម្មនិងនវានុវត្តន៍ក្នុងការដឹកនាំនិងគ្រប់គ្រងស្ថាប័នថ្នាក់ក្រោមជាតិ ៣)លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី ធ្វើបទបង្ហាញលើប្រធានបទឧត្តមានុវត្តន៍ស្តីពី បរិវត្តកម្មនិងនវានុវត្តន៍ក្នុងការដឹកនាំនិងគ្រប់គ្រងអង្គភាពក្នុងវិស័យឯកជន។

រាល់បទបង្ហាញនីមួយៗសុទ្ធតែបានផ្តល់ពុទ្ធិ និងបទ ពិសោធន៍យ៉ាងច្រើន លើភាពជាអ្នកដឹកនាំ ជាពិសេសការផ្សាភ្ជាប់បេសកកម្មផ្ទាល់ខ្លួន ជាមួយស្ថាប័ន និងអង្គភាពដែលខ្លួនកំពុងបំពេញរហូតសម្រេចសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។​ អ្វីដែលការកត់សម្គាល់បន្ថែមលើសពីនេះទៀតនោះ គឺវាគ្មិនកិត្តិយសទាំង៣ រូបសុទ្ធ តែបានបង្ហាញថា ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងការផ្តល់ឱកាសនៃការអភិវឌ្ឍសមត្ថភាពសហការីជា ប្រចាំ​ជាគន្លឹះមួយនៃភាពជាអ្នកដឹកនាំល្អម្នាក់។ ​

គួរបញ្ជាក់ថា  សិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ស្តីពី «បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹក នាំ» ទទួលបានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ដោយលោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃ១១ខែតុលាឆ្នាំ២០២៤៕

ដោយ៖ សូរិយា


ចែករំលែក៖