ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់ថាសមត្ថកិច្ចចាប់ខ្លួនអ្នកសារព័ត៌មាន តាមពិតគឺចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌប៉ុណ្ណោះ!

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃសូមគាំទ្រទៅលើសារព័ត៌មានទាំងឡាយណាដែលមានក្រមសីលធម៌វិជ្ជាជីវៈ គោរពទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ រីឯការចាប់ខ្លួន ឃុំខ្លួន ឬចោទប្រកាន់ គឺសមត្ថកិច្ចអនុវត្តតែទៅលើបុគ្គលណាដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌតែប៉ុណ្ណោះ។ គ្មានឡើយអ្នកសារព័ត៌មាន ដែលអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ជាតិ អន្តរជាតិត្រឹមត្រូវ បែរជារងនូវការឃាត់ឬចាប់ខ្លួននោះ។ នេះបើយោងតាមការបញ្ជាក់ពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 

លោកបណ្ឌិត ទូច សុឃៈ បានអំពាវនាវដល់តួអង្គជាតិ អន្តរជាតិ អ្នកវិភាគ ឬបណ្តាប្រទេសផ្សេងៗ ក្រឡេកទៅមើលការអនុវត្តតួនាទីរបស់អ្នកសារព័ត៌មានឱ្យបានម៉ត់ចត់ ជាក់លាក់ដោយផ្អែកទៅលើទិដ្ឋភាពច្បាប់អន្តរ និងជាតិដែលមានចែង។ ប្រសិនបើអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ឬក្រមសីលធម៌ កើតមាននៅក្នុងប្រទេសរបស់ខ្លួន តើបណ្តាប្រទេសទាំងនោះបណ្តែតបណ្តោយឬទេ? លោកជឿជាក់ថា ត្រង់នេះបណ្តាប្រទេសទាំងនោះនឹងចាប់ខ្លួនមិនអាចបណ្តែតបណ្តោយនោះឡើយ។ 

យោងតាមមាត្រា១២ នៃច្បាប់ស្តីពីរបបសារព័ត៌មាន «សារព័ត៌មានមិនត្រូវបោះពុម្ពផ្សាយឬផ្សាយបន្តព័ត៌មានដែលបណ្តាលឱ្យប៉ះពាល់ដល់សិន្តសុខជាតិនិងស្ថេរភាពនយោបាយ។ ក្រសួងព័ត៌មាននិងក្រសួងមហាផ្ទៃមានសិទ្ធិប្រមូលយកអត្ថបទល្មើស និងសារព័ត៌មានលេខចេញផ្សាយអត្ថបទល្មើសដែលចេញផ្សាយដោយសារព័ត៌មាននោះ។ ក្រសួងមានសិទ្ធិផ្អាកការផ្សាយក្នុងរយៈពេលមិនហួសពីសាមសិមថ្ងៃ( ៣០ថ្ងៃ) ហើយបញ្ជូនសំណុំរឿងទៅតុលាការ»៕ 

ដោយ ៖ លោក សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ចែករំលែក៖