ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំនួបថ្នាក់ដឹកនាំកំពូលនៃស្ថាប័នតំបន់ និងអន្តរជាតិ និងជំនួបសម្តែង ការគួរសមជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួនជាង ៣០ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍មក ដល់រាជធានីភ្នំពេញវិញ នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៤។ បេសកកម្មរយៈពេល៤ថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជំនួបពិភាក្សាទ្វេភាគី និងត្រីភាគី ជំនួបសំណេះសំណាល ក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នតំបន់ និងអន្តរជាតិ និងជំនួបសម្តែង ការគួរសមជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួនជាង ៣០។
ក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ក្រោមអធិបតីភាពរបស់ លោក Thongloun Sisoulith ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជំនួបរវាងប្រមុខដឹកនាំអាស៊ាននិង តំណាងអន្តរសភាអាស៊ាន ជំនួបរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងក្រុមប្រឹក្សាធុរកិច្ចអាចិន ដីនិងរវាង ប្រមុខដឹកនាំអាស៊ាននិងតំណាងយុវជនអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣ កិញបង្កកមាស អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៧ កិច្ចជុំកំពូលអាស៊ានបូក (ចិន ជប៉ុន កូរ៉េ) លើកទី២៧ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី៤ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី២១ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លើកទី១២ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៩ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១៤ កិច្ចប្រជុំប្រមុខដឹកនាំនៃប្រទេសសមាជិក សហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី លើកទី២ និងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីប្រគល់តំណែងប្រធានអាស៊ានទៅប្រទេសម៉ាឡេស៊ី ៕
ដោយ ៖ សិលា