ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលចិន នឹងផ្តល់ជំនួយឥតសំណង ចំនួន ៣០០លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ជំនួបទ្វេភាគីកម្ពុជា-ចិន លោក Li Qiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងផ្តល់ជំនួយឥតសំណង ចំនួន ៣០០លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាមួយគ្នានេះ ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការកម្មសម្រាប់ ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេងចិត្តប៉ុញការនាំចូល ផលិតផលកសិកម្មកម្ពុជាបន្ថែមទៀតមកកាន់ទីផ្សារចិន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបាននូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ភាគីចិនបានបញ្ជាក់សាជាថ្មីនូវការគាំទ្រឥតងាករេចំពោះកម្ពុជា ក្នុងជម្រើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ ទន្ទឹមគ្នានេះ ភាគីទាំងពីរបានបញ្ជាក់ ឡើងវិញនូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់និងពហុភាគី។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕


ដោយ ៖ សិលា


ចែករំលែក៖