ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ៖ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវា អាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលប្រជាជាតិនៅ ទូទាំងសាកលលោករួមគ្នាប្រារព្ធ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា ៖ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវ មនោសញ្ចេតនារីករាយ និងការគាំទ្រចំពោះការរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវា អាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលប្រជាជាតិនៅ ទូទាំងសាកលលោក រួមគ្នាប្រារព្ធទិវាដ៏មហោឡារិកនេះ ដើម្បីលើកកំពស់ការយល់ដឹងអំពីសារៈសំខាន់នៃការ គ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃនេះ។

ប្រធានបទសម្រាប់ទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤ គឺ “តួនាទីនៃការ អប់រំក្នុងការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ ដែលសំដៅកាត់ បន្ថយហានិភ័យ និងការបាត់ បង់ជាសាកល។ រីឯទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយនឹងផ្តោតលើមូលបទ “ការកសាងអាស៊ានដែលមានភាពធន់ តាមរយៈការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយប្រកបដោយ បរិយាបន្ន និងនិរន្តរភាព”។ សម្រាប់កម្ពុជាការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍន៍ និង សុខុមាលភាពរបស់ប្រជាជន” ត្រូវបានលើកយកជាប្រធានបទសម្រាប់ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៤ នេះ។

សម្តេចធិបតី សូមសម្តែងគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ បំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងបាន យកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាជនជាកូនចៅ ចៅទួតរបស់ព្រះអង្គ ដោយក្តីអាណិតស្រឡាញ់ និងប្រោសព្រះរាជទាននូវអំណោយដ៏ថ្លៃថ្លាជួយដល់ប្រជាជន កូនចៅទីទាល់ក្រ និងរងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗ ។ នេះជាសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាស “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ – ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ៕ 

ដោយ ៖ សិលា


ចែករំលែក៖