ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីបញ្ជាក់ទាក់ទងទៅនឹងសាលានគរបាលជាតិភូមិភាគ២

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពេលថ្មីៗនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលព័ត៌មានដែលចុះផ្សាយតាមរយៈបណ្តាញ សង្គម អំពីករណីសាលានគរបាលជាតិភូមិភាគ២ បានតម្រូវឱ្យសិស្សនគរបាល ទិញសម្លៀកបំពាក់ និង សម្ភារៈហ្វឹកហាត់ខុសពីគោលការណ៍ណែនាំ។

ករណីនេះ អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា សូមបញ្ជាក់ជូនថា កន្លងមក បណ្ឌិត្យសភាបាន ណែនាំដល់សាលានគរបាលជាតិភូមិភាគទាំងអស់ ដើម្បីឱ្យប្អូនៗសិស្សនគរបាលចូលរួមដោះស្រាយ ឯកសណ្ឋាននិងសម្ភារៈសិក្សាហ្វឹកហាត់ដោយខ្លួនឯង ដោយយកតាមគំរូឯកសណ្ឋានឱ្យឯកភាពគ្នាតាម ការកំណត់ ដូចមានចែងក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ៦៤៥៧ ប្រ.ក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការបង្កើតឯកសណ្ឋាននិងសញ្ញាសម្គាល់ សម្រាប់និស្សិតនិងសិស្សនគរបាលជាតិ នៃបណ្ឌិត្យ សភានគរបាលកម្ពុជា។

ក្នុងន័យខាងលើនេះ ប្អូនៗសិស្សនគរបាលអាចដោះស្រាយឯកសណ្ឋាននិងសម្ភារៈសិក្សាហ្វឹកហាត់ តាមរយៈការរកបាននៅតាមទីផ្សារ ឬការកាត់ដោយខ្លួនឯង ឬនៅម៉ាត (Mart) ក្នុងសាលា អាស្រ័យលើការ ជ្រើសរើសរបស់សាមីខ្លួន។

ដើម្បីស្រាវជ្រាវរកការពិត បណ្ឌិត្យសភាចាត់តាំងក្រុមការងារដែលដឹកនាំដោយ អនុប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជា ចុះទៅសាលានគរបាលជាតិភូមិភាគ២ ដើម្បីពិនិត្យ ស្រាវជ្រាវ និងដោះស្រាយលើ ករណីខាងលើនេះ។

បណ្ឌិត្យសភានគរបាលកម្ពុជា សូមទទួលយកនូវរាល់សំណូមពរនិងការចូលរួមមតិពីគ្រប់មជ្ឈដ្ឋាន ក្នុងន័យស្ថាបនា ៕

ដោយ ៖ សិលា


ចែករំលែក៖