ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំតុបតែងលម្អនៅតាមបណ្តោយដងស្ទឹងសង្កែ ដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង។
សម្រាប់ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤នេះ លោក សុខ លូ បានណែនាំឱ្យមន្ទីរ អង្គភាពរៀបចំប្រទីបខ្នាតធំ ចំនួន ៧ប្រទីប ដើម្បីបណ្ដែតក៏ដូចជាតាំងបង្ហាញនៅតាមបណ្ដោយដងស្ទឹងសង្កែសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តសប្បាយរីករាយ។
ប្រទីបខ្នាតធំចំនួន ៧ ដែលនឹងត្រូវបណ្ដែតបង្អួតសម្រស់លើដងស្ទឹងសង្កែនោះរួមមាន ប្រទីបរបស់រដ្ឋបាលខេត្ត, ប្រទីបមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, ប្រទីបមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ប្រទីបមន្ទីរសុខាភិបាល, ប្រទីបមន្ទីរសាធារណការ និងដឹកជញ្ជូន,ប្រទីបរដ្ឋាករទឹកបាត់ដំបង និងប្រទីបអគ្គិសនីកម្ពុជា។
សូមរំលឹកថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សានិងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿង ជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបងក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។
ក្នុងពិធីបុណ្យអុំទូកនេះ មានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ និងនៅពេលរាត្រីក៏មានការរៀបចំបណ្ដែតប្រទីបបង្ហោះគោមនិងបាញ់កាំជ្រួចជាដើម។ជាមួយគ្នានេះក្នុងពេលរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក៏មានការដង្ហែប្រទីបយកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែលបានផ្តល់ដីដ៏មានជីវជាតិល្អផូរផង់បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ។រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ពិតជានឹងចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចេញវស្សាឱ្យបានច្រើនកុះករ៕
ដោយ ៖ សិលា