ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” នៅសណ្ឋាគារសុខាភ្នំពេញ។
ការរៀបចំពិធីអបអរសាទរខួប ២០ឆ្នាំនៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក គឺដើម្បីបញ្ជាក់សាជាថ្មីអំពីការវាយតម្លៃនិងការផ្តល់សារៈសំខាន់ខ្ពស់ចំពោះសមាជិកភាពរបស់កម្ពុជាក្នុងអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization – WTO) ក៏ដូចជាការគាំទ្រខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីឈរលើវិធានច្បាប់(Rules-Based Multilateral Trading System) ប្រកបដោយភាពបើកទូលាយ តម្លាភាព សមភាព និងបរិយាប័ន្ន ដែលមាន WTO ជាស្នូល។
សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នៅក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ លទ្ធផលដែលយើងទាញបាន តាមរយៈការកែប្រែពីភាពឯកោរបស់យើង ទាំងការទូត និងទាំងសេដ្ឋកិច្ច គឺយើងចូលទៅក្នុងសមាហរណកម្ម ជាមួយនឹងយន្តការពហុភាគី និងយន្តការតំបន់ ដែលធ្វើឲ្យកម្ពុជារីកចម្រើនជាបន្តបន្ទាប់”។
សូមបញ្ជាក់ថា ក្នុងនាមជាសមាជិក WTO កម្ពុជាមានសិទ្ធិទទួលបានប្រព្រឹត្តកម្ម “ប្រជាជាតិដែលទទួលបានភាព អនុគ្រោះបំផុត (Most-Favoured Nation – MFN)” ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចសមាជិកទាំងអស់។
សម្ដេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា សម្ដេចធ្លាប់បានលឺគេចោទជាសំណួរថា ប្រទេសយើងក្រ យើងទៅចូលនៅក្នុងសមាគមន៍ WTO ធ្វើអី? ប្រកួតម៉េចឈ្នះគេ? យើងមិនបិទទ្វាការពារឧស្សាហកម្មយើងសិនទៅ! ឱ្យខ្លាំងសិនចាំយើងបើកទ្វា។ ហេតុអីយើងមិនពង្រឹងខ្លួនឯងសិនចាំទៅលេងជាមួយគេអ្នកខ្លាំង?
សម្ដេចមហាបវធិបតី បានឆ្លើយតបនឹងសំណួរខាងលើ យ៉ាងដូច្នេះថា៖ «បានខ្ញុំថាអាហ្នឹងដូចហាត់ក្បាច់គុននៅក្នុងផ្ទះចឹង យើងហាត់ស្អាតណាស់ ឡូយណាស់ តែយើងមិនចេញទៅប្រកួតជាមួយគេ យើងបានបទពិសោធន៍មកពីណា? ការប្រកួតប្រជែងដោយការពង្រឹងខ្លួនឯងនៅក្នុងសមរភូមិពានិជ្ជកម្ម គឺទាល់តែពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់យើង ហើយការដាក់ទិសដដៅរបស់យើងក្នុងការបើកទីផ្សារនេះ មិនមែនគ្រាន់តែបើកទីផ្សារធំទេ ប៉ុន្តែត្រូបង្កើនស្តង់ដារ ព្រោះយើងនាំផលិតផលរបស់យើងដែលមានស្តង់ដារខ្ពស់ ទាមទារឱ្យយើងមានសមត្ថភាព អ្នកផលិតក្នុងស្រុកត្រូវមានស្តង់ដារ។ អីចឹងយើងខំពង្រឹងប្រើប្រាស់បច្ចេកវិទ្យា ទាំងស្តង់ដារផ្សេងៗដើម្បីបំពេញ ដែលធ្វើឱ្យខ្លួនយើងកាន់តែរឹងមាំ ធ្វើឱ្យសមត្ថភាពវិស័យឯកជនរបស់យើង រដុ្ឋរបស់យើងក៏កាន់តែរឹងមាំ ក្នុងរដ្ឋក៏ត្រូវពង្រឹង ព្រោះកាលមុនយើងសេដ្ឋកិច្ចផែនការ រហូតដល់ឆ្នាំ៩០ជាង ដោយយើងចាប់ផ្ដើមបើក ហើយពេលដែលយើងចាប់ផ្ដើមចូលទៅ WTO ការងារមួយចំនួនយើងត្រូវពង្រឹងផ្នែកនិយ័តកម្មរបស់យើង ច្បាប់របស់យើង ដើម្បីឱ្យស្របទៅនឹងច្បាប់អន្តរជាតិ ដើម្បីពង្រឹងខ្លួនឯងនេះឯង។ អីចឹងបានផលទាំងអស់ ទាំងរដ្ឋ ទាំងវិស័យឯកជន ទាំងប្រជាពលរដ្ឋ ដើម្បីយើងសមាហរណកម្មខ្លួនយើងពេញ នេះហើយជាលទ្ធផលដែលយើងទទួលបាននូវការរីកចម្រើនរបស់យើង»៕
ដោយ ៖ សិលា