សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្រ្តីថាមពលអុីស្រាអែល លោក Eli Cohen នាថ្ងៃចន្ទ ទី១៤ ខែតុលា បានចោទប្រកាន់កងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ (UN) ដែលឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ ថាជាកងកម្លាំងឥតប្រយោជន៍ ដែលបរាជ័យក្នុងការការពារប្រជាជនអ៉ីស្រាអែល ពីការវាយប្រហាររបស់ក្រុមហេសបូឡាហ៍ ហើយបានអំពាវនាវឱ្យកងកម្លាំងរក្សាសន្តិភាព UN នេះ ដកខ្លួនចេញ។
លោក Cohen បានបង្ហោះសារលើប្រព័ន្ធ X ដូច្នេះថា «ប្រទេសអ៉ីស្រាអែល នឹងធ្វើគ្រប់យ៉ាងដើម្បីធានាសុវត្ថិភាពពលរដ្ឋខ្លួន ហើយប្រសិនបើ UN មិនអាចជួយអ្វីទេនោះ យ៉ាងហោចណាស់ គួរតែកុំមកលូកដៃជ្រៀតជ្រែក ហើយចល័តកងកម្លាំងរបស់ខ្លួន ចេញឱ្យឆ្ងាយពីតំបន់ប្រយុទ្ធគ្នា»។ យោធាអុីស្រាអែល បាននិងកំពុងបង្កើនការប្រយុទ្ធយ៉ាងក្តៅគគុក នៅភាគខាងត្បូងលីបង់ ដើម្បីកម្ចាត់ក្រុមហេសបូឡាហ៍ ដែលគាំទ្រដោយអ៉ីរ៉ង់។
កាលពីសប្តាហ៍មុន UN បានអះអាងថា កងកម្លាំងរក្សាសន្តិភាពមួយចំនួន បានរងរបួស ក្រោយទីតាំងពួកគេ បានស្ថិតក្រោមការវាយប្រហារម្តងហើយម្តងទៀតពីអ៉ីស្រាអែល ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ រថក្រោះអ៉ីស្រាអែល បានបើកទម្លុះចូលមូលដ្ឋានកងរក្សាសន្តិភាពនៅលីបង់តែម្តង។
រីឯនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ថា កងកម្លាំងរក្សាសន្តិភាពរបស់ UN ឬកងទ័ពមួកខៀវ កំពុងដើរតួនាទីជាខែលសម្រាប់ក្រុមហេសបូឡាហ៍ ហើយបានទាមទារឱ្យអគ្គលេខាធិការ UN ដកកងកម្លាំងរក្សាសន្តិភាពនៅលីបង់ ហៅកាត់ថា UNIFIL ចេញពីកន្លែងប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមអ្នកប្រយុទ្ធរបស់ហេសបូឡាហ៍។ ក្រុមហេសបូឡាហ៍ បានបដិសេធថា ខ្លួនមិនបានប្រើប្រាស់ កងកម្លាំង UNIFIL សម្រាប់ជាខែលការពារឡើយ។
ជម្លោះរវាងអ៉ីស្រាអែលនិងហេសបូឡាហ៍ បានបន្តឡើងវិញកាលពីមួយឆ្នាំមុន នៅពេលចលនាប្រដាប់អាវុធលីបង់មួយនេះ បានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែត លើភាគខាងជើងអ៉ីស្រាអែល ក្រោមគោលបំណងគាំទ្រដល់ក្រុមហាម៉ាស់ប៉ាឡេស្ទីន អំឡុងការផ្ទុះឡើងដំបូង នៃសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយជម្លោះរវាងភាគីទាំងពីរបានកើនឡើងកម្តៅយ៉ាងគំហុក កាលពីខែមុន៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN