ខេត្តកណ្ដាល៖ គួរឱ្យអាណិតខ្លាំងណាស់ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ដែលមានសតិមិនគ្រប់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹក ដែលការស្លាប់នេះសង្ស័យជាអំពើឃាតកម្មរំលោភសម្លាប់ ។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ (មានសតិមិនគ្រប់) មានទីលំនៅភូមិ អូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា យោងតាមការស្តាប់ការបំភ្លឺរបស់ឈ្មោះ អៀម ស្រីខួច ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់សពបានបំភ្លឺថា៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង១៧និង០០នាទី កូនស្រីរបស់គាត់(មានសតិមិនគ្រប់) បានបាត់ពីផ្ទះ ដោយពុំដឹងជាទៅលេងនៅទីណា។ បន្ទាប់មកខ្លួនគាត់និងប្តីឈ្មោះ លឹម នី អាយុ៤៤ឆ្នាំ រួមនឹងបងប្អូនសាច់ញាតិ បាននាំគ្នាដើរស្វែងរកកូនរបស់ខ្លួន ប៉ុន្តែពុំឃើញ រហូតដល់ម៉ោង២រំលងអធ្រាត្រទើបនាំគ្នាត្រឡប់មកផ្ទះវិញ ។
លុះដល់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង០៨និង០០នាទី រូបគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំបាត ករណីបាត់កូនស្រីកាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង១៧ និងសំណូមពរសូមឱ្យសមត្ថកិច្ចជួយធ្វើការស្វែងរកកូនស្រីរបស់គាត់ ។ បន្ទាប់មកនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ឪពុកបង្កើតរបស់ជនរងគ្រោះបានដើរស្វែងរកក៏ប្រទះឃើញសាកសពកូនស្រីរបស់ខ្លួនអណ្តែតទឹកត្រឹមក្បាល ខ្លួនលិចនៅក្នុងទឹក នៅតំបន់ព្រៃទំនាបលិចទឹក ចំណុចភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ បន្ទាប់មកឪពុកជនរងគ្រោះបានលើកសាកសពរបស់កូនមកផ្ទះរបស់ខ្លួន ក្នុងស្ថានភាពសពពាក់អាវយឺតកមូលដៃវែង ពណ៌ក្រហម ពុំមានស្លៀកខោ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំបាត ចុះទៅដល់កន្លែងកើតហេតុ ។
តាមការពិនិត្យរបស់អង្គការការពារកុមារ(CPU) ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ គ្រូពេទ្យ សាកសពស្លាប់ដោយប៉ះទង្គិចផ្នែកក្បាលធ្ងន់ធ្ងរ និងឈ្លក់ទឹក ដោយអំពើរំលោភសម្លាប់ ។
សាកសពបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ