ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ៖ តើរយៈពេល៣០ឆ្នាំមកនេះ កងពលតូចលេខ៧០ បានលះបង់យ៉ាងណាខ្លះក្នុងការថែរក្សាការពារប្រជាពលរដ្ឋនិងសង្គមជាតិ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ៖ ក្នុងគ្រប់កាលៈទេសៈទាំងអស់ កងពលតូចលេខ៧០ តែងទ្រទ្រង់ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សង្គម និងសក្ដិសមជាទីពឹងរបស់ប្រជាពលរដ្ឋនិងសង្គមជាតិកម្ពុជាទាំងមូល។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងបន្តថា វឌ្ឍនភាព និងសមត្ថភាពក្តាប់ជាប់នូវតួនាទី និងភារកិច្ច ដែលសម្រេចបាននូវស្នាដៃនិងសមិទ្ធផលធំៗជាច្រើនក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ គឺគុណបំណាច់ដ៏ធំធេងមិនកាត់ថ្លៃបានរបស់កងពលខេមរភូមិន្ទដែលបានបូជាសាច់ស្រស់ឈាមស្រស់ ហ៊ានធ្វើពលិកម្មដល់អាយុជីវិតក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់ដំណាក់កាល។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា យើងចាំបាច់ត្រូវថែរក្សាសន្តិភាពក្នុងប្រទេសយើងឱ្យបានជាដាច់ខាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធមីទ្ទីងរំលឹកខួប៣០ឆ្នាំ ថ្ងៃង្កើតកងពលតូចលេខ៧០ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៥ តុលា ឆ្នាំ ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ផងដែរថា ៖ ប្រវត្តិសាស្រ្ដរបស់កម្ពុជា បានបញ្ជាក់អំពីតួនាទីរបស់កងទ័ព ជាពិសេសក្នុងដំណាក់កាលសង្គ្រាម ក្នុងនោះបើគ្មានកងទ័ពក៏គ្មានការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ ហើយបើគ្មានកងទ័ពក៏មិនអាចបញ្ចប់សង្គ្រាមបានដែរ ដូច្នេះកងទ័ពបានដើរតួនាទីសំខាន់ណាស់ ក្នុងការរក្សាសន្ដិភាព និងនិរន្តរភាពជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ស្មារតីជាតិនិយមដែលជ្រុលនិយម គឺជាគ្រោះថ្នាក់ ជាពិសេសការប្រមូលផ្ដុំគ្នាប្រឆាំងរដ្ឋអំណាច ប្រឆាំងរដ្ឋាភិបាល ដែលនេះ ជាអំពើជ្រុលនិយម ដែលឈានទៅដល់ការដុតប្រទេស បង្កើតអស្ថិរភាពជាតិ ដូចជាករណីថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ កន្លងទៅ បើសិនជាមិនអាចបង្ក្រាបទាន់ពេលស្ថានភាពនោះ អាចឈានទៅដល់ការបង្កអស្ថិរភាពជាតិឡើងបាន ៕

ដោយ ៖ សិលា


ចែករំលែក៖