ព័ត៌មានទាន់ហេតុការណ៍៖

អតីតផ្កាយ២យោធាម្នាក់ ចេញពីពន្ធនាគារបាន១ ឆ្នាំ នគរបាលព្រហ្មទណ្ឌចាប់ខ្លួនវិញ ដើម្បីអនុវត្តបង្ខំរូបរាងកាយសងប្រាក់ទៅដើមបណ្តឹង

ចែករំលែក៖

ភ្នំពេញ ៖ អតីតផ្កាយ២យោធាម្នាក់ដែលទើបចេញពីពន្ធ នាគារខេត្តកំពង់ស្ពឺបានប្រមាណ១ឆ្នាំ នៅវេលាម៉ោង១២និង១០ នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចផ្លូវលំមាត់ទន្លេ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលការឃាត់ខ្លួននោះសមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក សំម ឬទ្ធីវាសនា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តការបង្ខំដល់រូបរាងកាយ ទារប្រាក់សំណងជម្ងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណី ។ ជនជាប់ចោទមានឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ ឆ្នាំ អតីតផ្កាយ២ យោធា តែត្រូវបានលុបឈ្មោះដោយព្រះរាជក្រិត្យ ព្រោះជននេះមានរឿងអាស្រូវជាច្រើន ដូចជាករណីចាប់ស្ត្រីម្នាក់ពីខេត្តកណ្តាលយកទៅបង្ខាំង ប្រើអំពើហិង្សាវាយដំឲ្យមានរបួសស្នាម ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួន ហើយតុលាការក៏បានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល៣ ឆ្នាំ តែទោសនោះតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារតែ១ ឆ្នាំកន្លះ ទោសនៅសល់ព្យួរ ។ សំណុំរឿងមួយទៀតពាក់ព័ន្ធបណ្តឹង.បរិហារបង្កាច់កេរ្តិ៍ ទៅលើលោក កើត ខេង ជាអាជីវកររកស៊ីសុច្ចរិត ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ ខែ និងសងជម្ងឺចិត្តជាទឹកប្រាក់ចំនួន២០ លានរៀល ទៅដើមបណ្តឹង ។ ជនជាប់ចោទឈ្មោះ សូយ ចាន់សឿន មានសាលក្រមចំនួន៣ នាក់ និងមានបណ្តឹងថែមទៀត ស្ថិតក្នុងដៃតុលាការពីថ្នាក់ក្រោមដល់កំពូល ។ ការឃាត់ខ្លួនអតីតផ្កាយ២ សូយ ចាន់សឿន ពេល នេះគឺសមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើសាលក្រម និងសាលដីកាចូលជាស្ថាពរ ដែលមានខ្លឹមសារនៃសេចក្តីសម្រេចត្រង់ចំណុច ៖ ២.បង្គាប់ឲ្យឈ្មោះ សូយ ចាន់សឿន សងសំណងជម្ងឺចិត្តចំនួន ២០ លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ កើត ខេង ដែលការទាមទារលើសពីនេះច្រានចោល ។ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សេចក្តីសម្រេចត្រង់ចំណុច២ នៃសាលក្រមព្រហ្មទណ្ឌលេខ ៤៦៤”ស” ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ តាមសាលក្រមព្រហ្មទណ្ឌលេខ ២២០ ក្រV”រ”ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ ។ ទណ្ឌិតឈ្មោះ សូយ ចាន់សឿន ពុំបានអនុវត្តសងសំណងជម្ងឺចិត្ត ២០ លានរៀល ឲ្យទៅដើមបណ្តឹងឈ្មោះ កើត ខេង តាមការជូនដំណឹងចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងលិខិតជូនដំណឹងចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នោះឡើយ ។ ចំនួនទឹកប្រាក់សំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណី ២០ លានរៀល ហេតុនេះ ថិរវេលាដាក់គុកបង្ខំរូបរាងកាយចំនួន ១ឆ្នាំ តាមមាត្រា ៥៣០ កថាខណ្ឌទី៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ 

ទណ្ឌិត សូយ ចាន់សឿន មិនបានបង់ប្រាក់សំណងជម្ងឺចិត្តឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គប្បីចាប់ខ្លួនយកមកអនុវត្តបង្ខំរូបរាងកាយដើម្បីទារប្រាក់ សំណងរដ្ឋប្បវេណី ។ ក្នុងករណីប្រសិនបើទណ្ឌិត សូយ ចាន់សឿន បង់ប្រាក់សំណងជម្ងឺចិត្តនេះចំនួន ២០ លានរៀល ការអនុវត្តបង្ខំរូបរាងកាយត្រូវបានបញ្ចប់ ។

 ក្រោយពីឃាត់ខ្លួនជនជាប់ចោទឈ្មោះ សូយ ចាន់សឿន សមត្តកិច្ចបានបំពេញបែបបទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។ សូមរង់ចាំតាមដានមើលតទៅទៀតករណីអតីតផ្កាយ២ យោធារូបនេះ ដែលទើបចេញពីពន្ធនាគារប្រមាណ១ ឆ្នាំ តើមានវាសនាអាចគេចផុតពីការឃុំខ្លួនឬទេ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖