ភ្នំពេញ៖ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានអនឡាញឈ្មោះ TP News និងសារព័ត៌មានមួយចំនួនទៀត ចុះផ្សាយព័ត៌មានជុំវិញប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនៃបទ ល្មើសគ្រឿងញៀន របស់កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយដាក់ចំណងជើងថា «ជុំវិញ. មតិ. លើកឡើងរបស់ប្រជាពលរដ្ឋ សូមបងប្អូនពិចារណាតាមការគួរ ក្នុងសង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិសែន ជ័យ រាជធានីភ្នំពេញ បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងក្នុងសង្គម Facebook និងមានការComments មួយចំនួនបង្កឱ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ។
ជុំវិញការផ្សព្វផ្សាយនេះ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន សូមធ្វើការបំភ្លឺជូន សាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០២ និង ០០ នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ និងមានការដឹកនាំសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុ ញៀនជាក់ស្តែង នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាលទ្ធផលចាប់ ខ្លួនជនសង្ស័យចំនួន ៣នាក់ជាជនជាតិចិន (តៃវ៉ាន់) និងចាប់យកវត្ថុតាងសរុបគ្រឿងញៀនប្រភេទ កេតាមីន សរុបទម្ងន់ ១ គីឡូក្រាម ៥៣៩.៤៧ក្រាម។
បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យ និងឆ្លងតាមការស៊ើបអង្កេត កម្លាំងជំនាញមន្ទីរប្រឆាំង គ្រឿងញៀន បានបន្តការស៊ើបអង្កេតបទល្មើសជាក់ស្តែងខាងលើ លុះនៅវេលាម៉ោង២០ និង១០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញយើងបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលមានឈ្មោះ អ៊ូច ពេជ្រនី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀនចំនួន ០១កញ្ចប់ ប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់ ២.៤១ក្រាម និងម៉ូតូមួយគ្រឿង ម៉ាក HONDA SCOOPY។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន ដោយលទ្ធផលឃើញវិជ្ជមាន (មានសារធាតុញៀន)។
បន្ទាប់ពីកិច្ចប្រតិបត្តិការរួច មន្ត្រីនគរបាលជាតិយើងមួយរូប ឈ្មោះ ប៉ិច លឹមហ៊ុយ មានភារកិច្ច ជិះម៉ូតូជនសង្ស័យមកអង្គភាព ចេញពីកន្លែងកើតហេតុប្រហែល ១គីឡូម៉ែត្រ ស្រាប់តែមានបងប្អូនជន សង្ស័យ (ឈ្មោះ អ៊ូច ពេជ្រនី) និងប្រជាពលរដ្ឋតាមពីក្រោយ និងបានស្រែកថា៖ ចោរៗ ធ្វើឱ្យមន្ត្រី យើងមានការភិតភ័យ បារម្ភនូវអំពើហិង្សា ក៏រត់ចោលម៉ូតូ ចូលហាងចាប់ហួយមួយកន្លែង ដើម្បីរក្សា សុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏ត្រូវបានបងប្អូនជនសង្ស័យ និងប្រជាពលរដ្ឋឡោមព័ទ្ធ ស្រែកជេរឡូឡា និងប្រតាយប្រតប់ជាមួយ បើទោះបីសមត្ថកិច្ចយើងប្រាប់ថា ខ្លួនជាសមត្ថកិច្ចយ៉ាងណាក្តី។ ក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញមន្ទីរ ក៏បានចុះអន្តរាគមន៍ ដោយជម្លៀសមន្ត្រីរបស់យើង ម្នាក់នោះ ចេញពីកន្លែងកើតហេតុ ដោយសុវត្ថិភាព។
អ្វីគួរឱ្យសោកស្តាយប្រតិបត្តិការនេះ ត្រូវបានសារព័ត៌មានអនឡាញ TP News និងបណ្តាញ សារព័ត៌មានមួយចំនួន យកទៅចុះផ្សាយបង្កើតឱ្យមានការបញ្ចេញមតិមួយចំនួន ធ្វើឱ្យប៉ះពាល់ កិត្តិយសរបស់កងកម្លាំងជំនាញ ជាពិសេសធ្វើឱ្យបែកព័ត៌មានសម្ងាត់ ដែលប្រតិបត្តិការស៊ើបអង្កេត របស់សមត្ថកិច្ចយើងមិនទាន់បានបញ្ចប់។
ជុំវិញករណីនេះដែរ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីដឹងកំហុសរបស់ខ្លួនទាំងបងប្អូន និងម្តាយរបស់ជនសង្ស័យ (ឈ្មោះ អ៊ូច ពេជ្រនី) បានអញ្ជើញមកអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន សុំ សារភាពនូវកំហុសរបស់ខ្លួន ចំពោះមុខសមត្ថកិច្ច ហើយបានសុំទោសរាល់កំហុសឆ្គងដែលបានធ្វើមក លើសមត្ថកិច្ច នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ និងបានសុំទោសជាពិសេស ចំពោះថ្នាក់ដឹកនាំនៃ មន្ទីរប្រឆាំងគ្រឿងញៀន ដែលពួកគេបានធ្វើមកលើអង្គភាពនេះ។
ជាចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណ ចំពោះបណ្តាញសារព័ត៌មាន និង សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ច ការរបស់មន្ទីរប្រឆាំងគ្រឿងញៀន។ ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏សំណូមពរដល់បងប្អូន ជាអ្នកសារព័ត៌មាន ប្រសិនបើមានឆន្ទៈចូលរួមបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន ពុំគួរផ្សព្វផ្សាយ ព័ត៌មានជាសាធារណៈ ក្នុងអំឡុងពេលសមត្ថកិច្ចយើងកំពុងបន្តកិច្ចស៊ើបអង្កេត បង្ក្រាបបទល្មើសជាក់ ស្តែង ដែលបណ្តាលឱ្យបែកព័ត៌មានសម្ងាត់ ហើយមុននឹងផ្សព្វផ្សាយព័ត៌មាន ត្រូវសហការជាមួយមន្ទីរ ប្រឆាំងគ្រឿងញៀន តាមរយៈលេខទូរស័ព្ទចំនួន ៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូល ដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone)៕
ដោយ៖ តារា