ចិន៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធ្វើទស្សនកិច្ចនៅការដ្ឋានសាងសង់ឡើងវិញទំនប់អាងស្តុកទឹក Dafengmen កាលពីថ្ងៃទី១៦ ខែតុលាម្សិលមិញនេះ ស្ថិតក្នុងទីក្រុងស៊ិនជិន ខេត្តក្វាងទុង។
លោករដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គណៈប្រតិភូក្រសួងបានជួបពិភាក្សាការងារជាមួយវិស្វករគ្រប់គ្រងការដ្ឋាន និងបានផ្លាស់ប្តូរនូវចំណេះដឹង ព្រមទាំងបទពិសោធន៍ល្អៗ ជាច្រើនទាក់ទងនឹងបច្ចេកទេសនៃការសាងសង់ ការថែទាំ និងការគ្រប់គ្រងសំណង់ការងារទឹក។
ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូក៏បានធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការក្រុមហ៊ុន The Consortium Guangdong Foreign Construction Co., Ltd និងបានជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងក្រុមហ៊ុនស្តីពីកិច្ចសហការល្អកន្លងមករវាងក្រសួងនិងក្រុមហ៊ុនក្នុងការអនុវត្តគម្រោងធនធានទឹកនាពេលកន្លង ព្រមទាំងបានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត និងបានស្នើឱ្យក្រុមហ៊ុនបន្តគាំទ្រលើគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹក ជាពិសេសការកសាងអាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាអាងស្ទឹងនៅក្នុងប្រទេសកម្ពុជា។
នៅរសៀលថ្ងៃដដែល លោករដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូបានអញ្ជើញធ្វើទស្សនកិច្ចនៅរោងចក្រដំឡើងទ្វារទឹកខ្នាតធំ របស់ក្រុមហ៊ុន Guangdong Yuantian Engineering Co., Ltd ដែលជាដៃគូសហការរបស់ក្រុមហ៊ុន The Consortium Guangdong Foreign Construction Co., Ltd ស្ថិតក្នុងសង្កាត់ស៊ីងតាំង ទីក្រុងចឹងឈឹង ខេត្តក្វាងទុង ដើម្បីពិនិត្យ និងសិក្សាស្វែងយល់ពីបច្ចេកទេស និងដំណើរការនៃការដំឡើងសំណង់ទ្វារទឹកខ្នាតធំ។
លោករដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនខាងលើនេះបានផលិតនិងដំឡើងទ្វារទឹកខ្នាតធំដែលបំពាក់នៅតាមបណ្តាទំនប់អាងស្តុកទឹកធំៗក្នុងប្រទេសកម្ពុជាដូចជា៖ ទី១)ទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រកង្ហតនិងទំនប់អាងស្តុកទឹកពហុបំណងសេកសក ស្ថិតក្នុងខេត្តបាត់ដំបង ទី២)ទ្វារទឹកនៃអាងស្តុកទឹករក្សា ស្ថិតក្នុងខេត្តព្រះវិហារ ទី៣)ទ្វារទឹកនៃអាងស្តុកទឹកស្ទឹងស្រែង២ ស្ថិតក្នុងខេត្តឧត្តរមានជ័យជាដើម ហើយទន្ទឹមនឹងនេះក្រុមហ៊ុនបាននិងកំពុងផលិត និងដំឡើងទ្វារទឹកខ្នាតធំសម្រាប់បំពាក់នៅទំនប់អាងស្តុកទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ ដែលគ្រោងនឹងបញ្ចប់នាពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Guangdong Yuantian Engineering Co., Ltd គឺជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់លើផ្នែកគុណភាពពីរដ្ឋាភិបាលចិន និងមានបទពិសោធន៍ច្រើនឆ្នាំលើការផលិត និងដំឡើងទ្វារទឹកខ្នាតធំជាច្រើនក្នុងប្រទេសចិន ព្រមទាំងបណ្តាប្រទេសជាច្រើនទៀតនៅទ្វីបអាស៊ី និងទ្វីបអាហ្រ្វិក៕
ដោយ៖ តារា