ព័ត៌មានទាន់ហេតុការណ៍៖

លោក អភិបាលស្រុក ក្រើនរំលឹកដល់អាជ្ញាធរនិង កងកម្លាំងគ្រប់ប្រភេទត្រូវអនុវត្តការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាល ស្រុករមាសហែក បានក្រើនរំលឹកដល់អាជ្ញាធរនិង កងកម្លាំងគ្រប់ប្រភេទត្រូវអនុវត្តការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនពិសេសត្រូវ អនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ការក្រើនរំលឹកបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំ លទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលប្រជុំសាលាស្រុករមាសហែក។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាលសាលាស្រុក  លោកអធិការរងនគរបាលស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះអោយរដ្ឋបាលស្រុក មន្ត្រី ពន្ធដាស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

លោក អភិបាលស្រុកបន្តថា បានថ្លែងនូវការកោតសរសើរវាយតំលៃខ្ពស់ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ល្អជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំចំនួន១៦ ទូទាំងស្រុករមាសហែក។

លោកក៏ បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹងការអនុវត្តការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមាន ប្រសិទ្ធភាព ក្នុងនោះ ចំពោះប្រធានការិយាល័យអប់រំ ស្រុក ត្រូវមានវិធានការណ៍អប់រំផ្សព្វផ្សាយនៅតាមសាលារៀន និងសិស្សានុសិស្ស អោយយល់ច្បាស់ពីបញ្ហាគ្រឿងញៀន ព្រោះថាគ្រឿងញៀនគឺជះឥទ្ធិពលអាក្រក់ដល់មូលដ្ឋាន សហគមន៍ និងសង្គមជាតិយើងទាំងមូល។

ចំពោះ ប្រធានការិយាល័យ ភូមិបាលស្រុក ត្រូវពន្លឿនក្នុងការងារចុះវាស់វែងដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ពិសេសការចុះបញ្ជីដីរបស់រដ្ឋអោយមានប្រសិទ្ធភាព ពិសេសបន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងឆាប់រហ័សផងដែរ។

ចំពោះ ការិយាល័យកសិកម្ម ត្រូវបន្តចុះពិនិត្យ វាយតម្លៃការងារប្រមូលផលស្រូវប្រាំងនិងការងារបង្កបង្កើនផលស្រូវរដូវវស្សា ចុះផ្សព្វផ្សាយ និងបំផុសដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ធ្វើការដាំដុះដំណាំរួមផ្សំ និង ការចញ្ចឹមសត្វទៅតាមលទ្ធភាពដែលអាចធ្វើទៅបានចុះតាមដានពីសុខភាពជំងឺសត្វ ចាក់ថ្នាំការពារ និងបាលជំងឺឱ្យបានទន់ពេលវេលា។

ពិសេសចុះផ្សព្វផ្សាយ អនុក្រឹត្យលេខ ១១៣ អ.ន.ក្រ ស្តីពីការគ្រប់គ្រង សំរាមសំណល់រឹង នៅទី ប្រជុំជន (ផ្សារ) និងផ្លូវសារធារណៈការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ផ្សព្វផ្សាយការងារទឹកស្អាត និងការសម្អាតអនាម័យជនបទ ផ្សព្វផ្សាយដល់អាជីវករធ្វើអាជីវកម្មគ្រប់ប្រភេទមកដាក់ពាក្យស្នើសុំអនុញ្ញាតធ្វើអាជីវកម្មពិនិត្យផ្លូវជនបទ ពិនិត្យដងអង់តែនទូរស័ព្ទ ពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ក )៕

ដោយ៖ សុថាន


ចែករំលែក៖