ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកណ្តាល គួច ចំរើន ណែនាំកីឡាករចំណុះទូកទាំងអស់ គោរព វិន័យឱ្យបានមុឺងម៉ាត់ នៅពេលប្រកួត

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ លោក​ គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួលបានជោគជ័យល្អប្រសើរ។

លោកអភិបាលខេត្ត បានណែនាំចំពោះចំណុះទូក ដូច្នេះ ខណៈជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកក្រុងតាខ្មៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់។​ ពិធីជួបសំណេះសំណាលនេះធ្វើឡើង នៅមុខសួនច្បារក្រុងតាខ្មៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ​ លោកអភិបាលខេត្ត បានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួម បានញុំាងឲ្យការរៀបចំពិធីនេះ មានភាពអធឹកអធមក្រៃលែង។

   លោកអភិបាលខេត្ត  បន្តថា៖ការប្រណាំងទូកនាពេលនេះ គឺមិនគ្រាន់តែ នាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព ប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សា នូវប្រពៃណី ទំនៀមទម្លាប់ របស់បុព្វបុរសយើងមានតាំងពីយូរយា មកហើយ។

លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា៖ការប្រឡងប្រណាំងមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរបំផុត។

គួរបញ្ជាក់ថា៖ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន៦៦ទូក ក្នុងនោះ៖

ទូកអុំចំនួន៣៣ទូក ,ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់  គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានីភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់។

ជាមួយគ្នានោះ លោកអភិបាលខេត្តកណ្តាល បានឧបត្ថម្ភអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បណ្តាទូកដែលបានចូលរួមប្រណាំងផងដែរ ៕

ដោយ​៖ តារា​


ចែករំលែក៖