ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមគោរពជូនដំណឹងដល់សាធារណៈជន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទាំងអស់ ស្តីពី ការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
ក្នុងឱកាសដ៏វិសេសវិសាល និងសេចក្តីសោមនស្សរីករាយក្រៃលែងនេះ រដ្ឋបាលខេត្ត មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់សាធារណៈជន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ឆ្នាំ២០២៤នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ដោយឡែកក្នុងខេត្តស្ទឹងត្រែង នឹងមានការ រៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ជាការរួមចំណែកបង្កើតកម្មវិធីកម្សាន្តសប្បាយរីករាយតាមទំនៀមទម្លាប់ ប្រពៃណីជាតិ ដ៏ល្អផូរផង់របស់ខ្មែរយើងផងដែរ។
កម្មវិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំនេះ នឹងរៀបចំឡើង នាថ្ងៃសៅរ៍-អាទិត្យ ៩រោច និង១០រោច ខែ កត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ទៅតាមកម្មវិធីដែលបាន គ្រោងទុក នៅលើខ្សែទឹកនៃទន្លេសេកុង ខេត្តស្ទឹងត្រែង។
សេចក្តីដូចបានជូនដំណឹងខាងលើនេះ រដ្ឋបាលខេត្ត សូមអំពាវនាវ និងគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរ ទស្សនាកម្សាន្ត សប្បាយ រីករាយ សូមចូលរួមចំណែក ឧបត្ថម្ភ គាំទ្រដល់ដំណើរ ការរៀបចំកម្មវិធីប្រណាំងទូកនេះ តាមសទ្ធារៀងៗខ្លួន តាមកម្មវិធី ពេលវេលា និងទីកន្លែងដែលបានគ្រោងទុកដោយមេត្រីភាព។ ទន្ទឹមនឹងនេះ ក៏សូមស្នើដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដែលមានទូកខ្នាតអន្តរជាតិចំណុះ ២២នាក់ ក្នុងមូលដ្ឋាន សូមដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះ ប្រណាំងទូក តាមរយៈអនុគណៈកម្មការបច្ចេកទេស សោភ័ណភាព និងទស្សនីយភាព ដែលមានទីតាំង នៅក្នុងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ចូលរួមកម្សាន្តសប្បាយឱ្យបានអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពីមរណកាលមក កិត្យានុភាពជាតិ៕
ដោយ៖ សូរិយា