ខេត្តព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានដឹកនាំ ក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យដំណើរការស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ទីតាំងគឺ នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ និងរោងចក្រកែច្នៃផ្លែឈើ ជិន ហួយ(ខេមបូឌា)ឯ.ក ដែលមានទីតាំងជាប់នឹងព្រែកទឹកសាប ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ នៅខេត្តព្រះសីហនុ។
នាឱកាសនោះ លោកអភិបាលរង បានលើកឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះថា ការចុះពិនិត្យនេះបានធ្វើឡើង ជាការឆ្លើយតបនឹងប្រសាសន៍ដឹកនាំលោកអភិបាលខេត្ត ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិសុវត្ថិភាពបរិស្ថាន ដើម្បីអាចឈានទៅដល់ការរៀបចំបង្កើតតំបន់អេកូទេសចរណ៍តាមដងព្រែកទឹកសាប។
សូមជម្រាបថា ព្រែកទឹកសាប ជាតំបន់ជីវចម្រុះមានសក្តានុពលពីធម្មជាតិ ស្ថិតនៅក្នុងឧទ្យានជាតិសមុទ្រព្រះសីហនុរាម ដែលមាន រុក្ខជាតិលិចទឹកដូចជា ដើមកោងកាង ដើមក្រញឹប ដើមស្មាច់ និងដើមចាកជាដើម ហើយរុក្ខជាតិទាំងនោះបានធ្វើជាជម្រករបស់មច្ឆជាតិ និងពពួកសត្វស្លាបតូចធំជាច្រើនប្រភេទ ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរធម្មជាតិ និងជួយបង្កើនប្រាក់ចំណូលក្នុងស្រុក៕
ដោយ៖ តារា