ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថាវិទ្យុ “RFI ខេមរភាសា”ផ្សាយខុសរឿងកំហុសលោកវរសេនីយ៍ឯក ស ប៊ុនសឿង

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារ វិទ្យុ “RFI ខេមរភាសា”ផ្សាយខុសរឿងកំហុសលោកវរសេនីយ៍ឯក ស ប៊ុនសឿង , ឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយបញ្ជាក់ថា ៖ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងវិទ្យុ “RFI ខេមរភាសា” មេត្តាជ្រាបថា កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ អំពីការសម្រេចលុបឈ្មោះនាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយអនុក្រឹត្យលេខ១០២២ អនក្រ.តត ចុះនៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ កងរាជអាវុធហត្ថ ក៏បានផ្សព្វផ្សាយដោយភ្ជាប់ជាមួយឯកសារសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ។

កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មានរបស់ វិទ្យុ “RFI ខេមរភាសា” រយៈពេល១៧ម៉ោងមុននេះ ថា “នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យនៅថ្ងៃទី១៧ តុលានេះ ដោយលុបឈ្មោះមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ស ប៊ុនសឿង។ ការសម្រេចលុបឈ្មោះ និងការបញ្ចប់តួនាទីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន រូបនេះធ្វើឡើងក្រោយរកឃើញករណីជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់ក្នុងខេត្តប៉ៃលិនកាលពីខែសីហាកន្លងទៅ”។ ខ្ញុំបាទ សូមគោរពបញ្ជាក់ជូនវិទ្យុ “RFI ខេមរភាសា” ថា ការលុបឈ្មោះនេះ មិនពាក់ព័ន្ធនឹងករណីការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់នោះទេ គឺជាករណីជម្លោះរវាងអតីតលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហូ ទ្រី អ្នករត់តាក់ស៊ីដឹកអីវ៉ាន់ ដែលបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន។

អាស្រ័យដូចគោរពជម្រាបជូនខាងលើ សូម លោក លោកស្រី អ្នកគ្រប់គ្រង អ្នកផ្សព្វផ្សាយ វិទ្យុ “RFI ខេមរភាសា” មេត្តាកែតម្រូវ ដើម្បីជូនសាធារណជនទទួលបាននូវព័ត៌មានត្រឹមត្រូវ ៕

ដោយ ៖ សិលា


ចែករំលែក៖