ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤នេះ បានប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី ”(គ.ច.យ.ខ.ព)។
លោកទេសរដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា ការរៀបចំឱ្យមាននូវព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណជាប្រវត្តិសាស្រ្តនេះឡើងគឺក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។
លោកទេសរដ្ឋមន្ត្រី បន្តថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” នេះ គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ដ៏មានសារៈសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុត ក្នុងការរួមចំណែកគាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាមរបស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់បានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតបានអាណាចក្រ ខ្មែរដ៏រឹងមាំនាសម័យបុរាណ ព្រមជាមួយនេះក៏ដើម្បីសិក្សាស្រាវជ្រាវប្រវត្តិយុទ្ធគុន ស្វែងរកប្រភពឯកសារបុរាណ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ ដែលនៅសេសសល់ ហើយដែលកំពុងកប់បាត់ក្នុងសហគមន៍ ដើម្បីយកមករៀបចំជាឯកសារ ទាំងឯកសារសំណេរ និងឯកសារឌីជីថលរបស់ជាតិសម្រាប់បន្សល់ទុកឱ្យកូនខ្មែរគ្រប់ជំនាន់ប្រើប្រាស់ ជាមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” និងអនុគណៈកម្មការប្រតិបត្តិ ដែលបានបានខិតខំអនុវត្តការងារ និងបានសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ក្នុងការរៀបចំទីលានប្រកួត និងលក្ខណៈបច្ចេកទេសរួមមួយ ទំនើប និងស្តង់ដាកីឡា និងបានសហការយ៉ាងល្អជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូកីឡា កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស និងព្រឹទ្ធាចារ្យយុទ្ធគុន រួមទាំងការរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងដឹកជញ្ជូន ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ផងដែរ។
ទន្ទឹមគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានអំណរគុណដល់ប្រតិភូកីឡាជាតិ, ទីស្ដីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ, សាលារាជធានីភ្នំពេញ, អគ្គិសនីកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា, កងយោធពលខេមរភូមិន្ទ, បញ្ជាការដ្ឋានទ័ពពិសេស៩១១, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អគ្គស្នងការនគរបាលជាតិ, ក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ, សហព័ន្ធកីឡាជាតិយុទ្ធគុនខ្មែរបុរាណទាំងអស់, ក្បាច់គុនកងយោធពលខេមរភូមិន្ទ, ព្រឹទ្ធាចារ្យយុទ្ធគុន, ក្រុមហ៊ុនសហការឧបត្ថម្ភ និងសមាជិកនៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” ទាំងអស់ដែលបានរួមកម្លាំង និងសហការគ្នាបានយ៉ាងល្អ ដើម្បីធានាឱ្យដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” ជាប្រវត្តិសាស្រ្តនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ។
សូមជម្រាបថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតផ្លូវការ៕
ដោយ៖ តារា