ព័ត៌មានទាន់ហេតុការណ៍៖

សង្គមស៊ីវិលចាត់ទុកជំនួបល្បុក្កតោ-សៅលីញបង្កើនកម្លាំងនៃឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន

ចែករំលែក៖

កម្ពុជា-ចិន ៖ លោកបណ្ឌិត ជា មុន្នីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានប្រាប់ នៅថ្ងៃទី២១ ខែតុលានេះថា ជំនួបជាលើកទីពីរ រវាងគុនល្បុក្កតោរបស់កម្ពុជានិងគុនសៅលីញរបស់ចិន បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញភាពរស់រវើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំង ជំរុញការផ្លាស់ប្តូរវប្បធម៌ដ៏សំខាន់ ដែលជាការចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស ក្នុងដំណើរកសាងសហគមជោគវាសនារួម រវាងប្រទេសទាំងពីរ។

«នៅឆ្នាំ២០២៤នេះ ជំនួបពីរលើករួចមកហើយ រវាងសៅលីញ និងល្បុក្កតោ ដែលបានឆ្លាស់ទីតាំងគ្នា មិនត្រឹមតែចូលរួមបង្កើនកម្លាំងនៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជានិងចិន ប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈបុរេសកម្ម ក្នុងការទាក់ទាញទេសចរចិន កាន់តែច្រើនមកកាន់កម្ពុជា ព្រមទាំងពន្លាតសម្បតិ្តវប្បធម៌របស់កម្ពុជា លើឆាកអន្តរជាតិទៀតផង»។

លោកបន្តថា «ជំនួបទាំងពីរលើក ក៏កំពុងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគី រវាងវប្បធម៌នៃប្រទេសទាំងពីរ.. តាមរយៈនេះតាមរយៈជ្រុងនៃវប្បធម៌នេះ ប្រជាជននៃប្រទេសទាំងពីរ កំពុងប្រកៀស្មាគ្នា រួមកម្លាំងជាមួយគ្នា នៅក្នុងរង្វង់នៃកិច្ច កសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជានិងចិនផងដែរ»។

ក្រសួងទេសចរណ៍កម្ពុជាបានចេញផ្សាយថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានដឹកនាំក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នៅក្នុងព្រឹត្តការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នាពេលថ្មីៗនេះ។ 

ជាការកត់សម្គាល់ កាលពីថ្ងៃសៅរ៍ គុនល្បុក្កតោកម្ពុជា ចូលរួមកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ សម្តែងនៅមុខព្រះវិហារសៅលីញ ដ៏ល្បីល្បាញ នៅប្រទេសចិន

ក្រសួងចាត់ទុកថា នេះជាព្រឹត្តការណ៍ដ៏អស្ចារ្យ ប្រកបដោយមោទកភាពក្រៃលែង និងមិនធ្លាប់មានពីមុនមកដែលមានការសម្តែងក្បាច់គុនពីប្រទេសផ្សេង ធ្វើនៅមុខក្លោងទ្វារព្រះវិហារសៅលីញនោះ។ ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» កាលពីខែមេសា ឆ្នាំ២០២៤ នាពេលកន្លងមក នៅលើទឹកដីសៀមរាប-អង្គរ រដ្ឋបាលខេត្តហឺណាន ក៏បានដឹកនាំអ្នកសម្តែង និងក្រុមសៅលីញ ទៅសម្តែងរួមគ្នា ជាមួយក្រុមល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ “When Shaolin Meets Bokator at Angkor” ។ ពេលនេះ កម្ពុជា បាននាំល្បុក្កតោ មកជួបសៅលីញ នៅវិហារសៅលីញ  ខេត្តហឺណាន ប្រទេសចិនវិញម្តង។

តាមរយៈព្រឹត្តិការណ៍អន្តរជាតិនេះ មានការចូលរួមពី៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ១២០០នាក់ និងសិស្ស គ្រូ សម្តែងក្បាច់គុន មានចំនួនប្រមាណ ៣ម៉ឺននាក់ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់កម្ពុជា ទៅកាន់ពិភពលោក៕

ប្រភព ៖  «CCFR China state-controlled media »


ចែករំលែក៖