ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋម្នាក់​ នៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ស្រុក​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​មុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋម្នាក់​ នៅស្រុកថ្មគោល កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅចំណុចក្នុងបរិវេណសាលារៀនអនុវិទ្យាល័យជ្រោយស្តៅ ស្ថិតក្នុងក្រុមទី១២ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ 

ប្រភពដដែលបន្តថា​ មានករណីលួច (ម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ឡឹង សុផានី ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លិច ស៊េរី២០១៥ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង1AT-9767 ខណៈពេលជនរងគ្រោះជិះយកមកចតទុកនៅមុខទីចាត់ការ ហើយដកសោម៉ូតូទុកក្នុងប្រអប់ក្បាលម៉ូតូ រួចក៏ចូលទៅក្នុងទីចាត់ការ ក្រោយមកក៏ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចតែម្ដង។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ បានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាន់ រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ។​ ចំណែក​វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន ០១គ្រឿងរបស់ជនរងគ្រោះ ។

បច្ចុប្បន្ន នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២៤​ កម្លាំងការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖