ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ គាំងបេះដូងស្លាប់មុនពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​ ៖​ ​ស្រ្តី​​មានផ្ទៃពោះ​​ជិត​គ្រប់​ខែ​ម្នាក់មានអាការៈមិនស្រួលខ្លួន ​ក៏បានបញ្ជូនទៅសង្គ្រោះ​  តែជាអកុសលបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង​១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែ​តុលា​ ឆ្នាំ​២០២៤ ​នៅបន្ទប់ជួល ស្ថិត​ក្នុង​ភូមិ​អង្គ​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពបានអោយដឹងថា ស្ត្រីរងគ្រោះ​ឈ្មោះ​ ជុំ​ សុខណា​ អាយុ​២២ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ​​ទេីបឈប់សម្រាកពីការងារ ដោយ​សារ​​មានផ្ទៃពោះ​​ជិត​គ្រប់​ខែ​ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មាន​ស្រុក​កំណើត​នៅ​​ ភូមិ​ព្រៃ​ខ្លា​ ឃុំ​ត្នោត​ជុំ​ ស្រុក​​ស្រគរ​ ខេត្ត​ពោធិ៍សាត់​ ។ ចំណែក​បុរស​ជា​សង្សារ​ឈ្មោះ​ឃាម​ ពេជ្រ​ ​អាយុ​២៣​ឆ្នាំ​​ នៅភូមិត្រពាំង​ខ្លី​ ឃុំ​ត្នោត​ជុំ ស្រុក​ស្រគរ​ ខេត្ត​ពោធិ៍សាត់​។

តាមសម្តីបុរសជាសង្សារបានឱ្យដឹងថា ពួកគេទាំង២នាក់បានស្រលាញ់គ្នាជាងមួយឆ្នាំមកហើយ គឺស្រលាញ់ចិត្តនឹងចិត្ត ហើយក្រុមគ្រួសារខាងស្ត្រីជាសង្សារក៏បានដឹងឮខ្លះដែរ តែពួកគាត់មិនដឹងថានាងមានផ្ទៃពោះនោះទេ។

បុរសខាងលើបានបន្តឱ្យ​​ដឹងទៀតថា​ ​មុនពេលកើតហេតុ នៅ​វេលាម៉ោង​ប្រមាណ​១២និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែ​តុលា​ ឆ្នាំ​២០២៤​ខណៈ​ដែល​គាត់​កំពុង​ដេក​ ​ស្រាប់តែ​ឮសំឡេង​ប្រពន្ធ​ ស្រែកគាត់​ក៏​ទាញ​ខ្នេីយ​ឱ្យ​ជន​រង​គ្រោះ​កេីយ​ បន្ទាប់​មក​ក៏ស្ងាត់​ ដូច​ជា​មាន​​ដង្ហើម​តិច​ៗ​ ។ ភ្លាមៗរូបគាត់ និងអ្នកជិតខាងបន្ទប់ក៏ចង់​យក​ជន​រងគ្រោះ​ទៅ​សង្រ្គោះ​បន្ទាន់​ភ្លាមៗ​ដែរ​ ណាមួយ​ជនរងគ្រោះ​ពោះធំ​ពិបាក​យក​ចុះ​ក្រោម​ កាំជណ្តេីរ​តូច​ចង្អៀត​ ទេីប​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ របស់​មន្ទីរ​ពេទ្យបង្អែក​ពោធិ៍​ចិន​តុង​ ដេីម្បី​យក​ជន​រងគ្រោះ​ទៅ​សង្រ្គោះ​បន្ទាន់​ដែរ​ តែ​ទំរាំ​រថយន្ដ​សង្គ្រោះ​មក​ដល់​អស់​រយៈ​ពេល​ប្រមាណ​ជិត​កន្លះ​ម៉ោង​ ហេីយ​បាន​បញ្ជូន​យក​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​តេជោ​សន្តិភាព​ តែ​ជា​អកុសល​ពេល​រថយន្ត​សង្គ្រោះ​បន្ទាន់​បញ្ជូន​យក​ទៅ​សង្រ្គោះ​បន្ទាន់​ ដោយ​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ប្រាប់​ថា​ ជន​រង​គ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហេីយ​ ទេីប​ដឹក​សព​មក​កន្លែង​កេីត​ហេតុ​វិញ​ រង់​ចាំ​សមត្ថកិច្ច​ជំនាញ​ចុះពិនិត្យ ។

ក្រោយពេលកើតហេតុ ​បងប្អូន​ប្រជាពលរដ្ឋ​​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ រួច​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​នគរបាលជំនាញកោសល្យវិច័យរាជធានី​ភ្នំពេញ​​ ដេីម្បី​មកពិនិត្យសពជនរងគ្រោះ​ ដោយបញ្ជាក់ថាជនរងគ្រោះ​ស្លាប់ដោយគាំងបេះដូងអាចបណ្ដាលមកពីជម្ងឺបេះដូង ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖