ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណៈមេធាវី បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីយកគ្រឿងកិត្តិយសគណៈមេធាវី ប្រភេទភក្តីភាព ប្រគល់ជូនលោកសាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤  លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវី យកគ្រឿងកិត្តិយសគណៈមេធាវី ប្រភេទភក្តីភាព ប្រគល់ជូន លោក  សាយ បូរី  ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ នៅមន្ទីរពេទ្យកាល់ម៉ែត។

លោក សាយ បូរី ជាឥស្សរជនមួយរូប ដែលមានស្នាដៃ គុណបំណាច់ និងភក្តីភាពចំពោះគណៈមេធាវី វិជ្ជាជីវៈមេធាវី។

ក្នុងឱកាសនោះ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានជម្រាបថា ក្រុមការងារគ្រឿងកិត្តិយសបានសម្រេចផ្តល់គ្រឿងកិត្តិយស ប្រភេទភក្តីភាព នឹងគ្រោងបំពាក់ជូន លោក សាយ បូរី នៅក្នុងកម្មវិធីមហាសន្និបាតលើកទី ២៩ របស់គណៈមេធាវី ប៉ុន្តែដោយទទួលបានដំណឹងអំពីការចូលសម្រាកព្យាបាលជំងឺរបស់ លោក សាយ បូរី ទើបឯកឧត្តមប្រធាន សម្រេចនាំយកគ្រឿងកិត្តិយសនេះមកប្រគល់ជូន និងបានគោរពជូនពរ ឯកឧត្តម សាយ បូរី សូមឱ្យមានសុខភាពល្អ និងឆាប់ជាសះស្បើយពីជំងឺ។ 

លោក សាយ បូរី បានសម្តែងនូវក្តីរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន និងបានកោតសរសើរ ឯកឧត្តមប្រធាន ចំពោះការបង្កើតគ្រឿងកិត្តិយស ដែលជាការលើកទឹកចិត្តទៅកាន់សហភាតាមេធាវី ដែលបានរួមចំណែកលើកតម្តើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ៕ 

ដោយ ៖ សិលា


ចែករំលែក៖