ភ្នំពេញ ៖ នាថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយមានការចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនShanghai Construction Group Co., Ltd ក្រុមការងារជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យកំណត់ខ្សែអ័ក្ស និងគំនូសប្លង់បច្ចេកទេសនៃគម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ផ្នែកខាងកើត ទៅផ្លូវជាតិលេខ១ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យខ្សែផ្លូវថ្មីនេះមានផលប៉ះពាល់តិច ស្របតាមលក្ខណៈបច្ចេកទេស និងមានផលចំណេញខ្ពស់។ អង្គប្រជុំបានឯកភាពគ្នាលើជម្រើសខ្សែផ្លូវ ១ ក្នុងចំណោមជម្រើស ២ ខ្សែផ្លូវ ដែលក្រុមហ៊ុនបានសិក្សា ដោយផ្អែកលើទិដ្ឋភាពបច្ចេកទេស សេដ្ឋកិច្ច និងនយោបាយ ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានណែនាំដល់ភាគីពាក់ព័ន្ធធ្វើការផ្តល់ព័ត៌មានបន្ថែមទៀត ដើម្បីក្រុមហ៊ុនមានមូលដ្ឋានបញ្ចប់របាយការណ៍តាមការណែនាំរបស់អង្គប្រជុំ និងដាក់លទ្ធផលរបាយការណ៍នៃការសិក្សាជូនថ្នាក់ដឹកនាំពិនិត្យសម្រេចឱ្យបានឆាប់។
សូមជម្រាបជូនថា គម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ១នេះ បានសិក្សាលើផ្លូវចំនួន២ខ្សែជាជម្រើស ក្នុងនោះជម្រើសផ្លូវទី១ មានប្រវែង១,៥៩៥គ.ម និងជម្រើសផ្លូវទី២ មានប្រវែង ១,៤៩០គ.ម ខ្សែផ្លូវទាំងពីរនេះ តភ្ជាប់ពីស្ពាន នៅក្នុងភូមិសាស្រ្តសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទៅកាន់ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕
ដោយ ៖ សិលា