ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដធុនធំបើកបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវបំបែក ត្រូវរថយន្តធុនធំដឹកទំនិញ១គ្រឿងបើកលឿនបុកពេញទំហឹង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវបេតុងហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AQ-9005 តាមបណ្តោយផ្លូវលេខ៩២ពីកើតទៅលិចក្នុងគោលបំណងឆ្លងភ្លើងស្តុប លុះឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តធុនធំដឹកទំនិញ១គ្រឿង បើកមកបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសរងគ្រោះស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្ដង។      

រថយន្តបង្កខាងលេីនេះ ជាប្រភេទរថយន្តធុនធំដឹកទំនិញចំណុះ២.៥តោន ដែលមានផ្លាកលេខភ្នំពេញ 3C-9488 បើកបរតាមវិថីភ្នំពេញហាណូយ ក្នុងទិសដៅពិជើងទៅត្បូងដោយល្បឿនលឿន ហើយខណៈមកដល់ចំណុចកើតហេតុក៏ឃើញម៉ូតូកំពុងបើកឆ្លង ចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងតែម្តង។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅទុកនៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែងរថយន្តនិងម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖