ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អបអរសាទរ ខួបលើកទី ៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែង​អបអរសាទរ ខួបលើកទី ៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)។ 

សម្ដេចធិបតី​ បានថ្លែង​ថា​ មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ 

សម្ដេចធិបតី​ បានថ្លែង​បញ្ជាក់ថា​ “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”។ 

សូមជម្រាបថា​ មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)។

បន្ទាប់មក ក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ 

ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕

ដោយ​៖ តារា​


ចែករំលែក៖