ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​ស្រវឹង​ស្រាជិះម៉ូតូ​ទៅបុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពី​ក្រោយ​ បណ្ដាល​ឱ្យដួល​សន្លប់​ស្តូក​

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់​ស្រវឹង​ស្រាជិះម៉ូតូ​ហុងដា​ឃ្លីក​ជ្រុល​ទៅ​បុក​ម៉ូតូ​ដឹក​ផ្លែ​ឈើ​ពី​ក្រោយ​ បណ្ដាល​ឱ្យដួល​សន្លប់​ស្តូក​ខ្លួន​ឯង​ ។​ 

  ហេតុ​ការ​ណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០និង​៥០នាទី​យប់ថ្ងៃ​ទី​២២ខែ​តុលា​ឆ្នាំ​២០២៤​ ត្រង់ចំណុច​ផ្លូវ​ម៉ៅសេទុង កែង​ផ្លូវ​លេខ១៨៣ ក្នុងសង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​។ 

​    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឃ្លីក​ ពណ៌ក្រហម​លាយ​ស​ ពាក់​ស្លាកលេខ​ភ្នំពេញ​ 1FK-9129 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ក្នុងទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ដោយល្បឿន​លឿននិងក្នុងស្ថានភាព​ស្រវឹង​។ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ក៏ស្រាប់​តែជ្រុល​ទៅ​បុក​ម៉ូតូ​ដឹក​ផ្លែ​ឈើ​ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ​២នាក់​​ពីក្រោយ​ ដែល​ធ្វើឲ្យ​ម៉ូតូហុងដា​ឃ្លីក​ដួលអូស​ជា​ច្រើន​ម៉ែត្រ​រលាត់​ដៃ​ជើង​អ្នកជិះនិង​សន្លប់​ស្តូក​ស្តឹង​មួយ​សន្ទុះ​ក៏ដឹង​ខ្លួន​វិញ​ តែ​ក្នុង​ស្ថានភាព​ស្រវឹង​វង្វេងវង្វាន់​ស្មារតី​ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​មក​ដឹក​យក​ទៅ​ព្យាបាល​របួស​នៅមន្ទីរពេទ្យ​រុស្ស៊ី។ 

  ដោយ​ឡែក​ខាង​ម៉ូតូ​ដឹក​ផ្លែ​ឈើ​មិន​បានដួល​ទេគ្រាន់​តែធ្លាក់​ផ្លែឈើ​ខូចខាត​តិចតួច​ ក៏បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាត់​ទៅ។ 

​    ក្រោយ​ពេល​កេីតហេតុ​ នៅសល់​តែ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​  ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖