ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីពិភពលោកចលាចល ប្រែប្រួល តែមិត្តភាពរបស់ចិនជាមួយរុស្ស៉ី នឹងឋិតថេរជានិរន្តរ៍

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ថា ពិភពលោកសព្វថ្ងៃកំពុងស្ថិតនៅក្នុងភាពចលាចល ប៉ុន្តែភាពជាដៃគូយុទ្ធសាស្ត្ររបស់ប៉េកាំងជាមួយមូស្គូ គឺជាកម្លាំងមួយដើម្បីរក្សាស្ថិរភាព នៅក្នុងបរិបទនៃការផ្លាស់ប្ដូរដ៏សំខាន់មិនធ្លាប់មានក្នុងពេលមួយស.វ.មកនេះ។
លោក ស៊ី ជីនពីង ធ្វើការកត់សម្គាល់បែបនេះ នាឱកាសជួបពិភាក្សាការងារជាមួយលោក ពូទីន នៅឯទីក្រុង Kazan ប្រទេសរុស្ស៉ីជាទីដែលកិច្ចប្រជុំកំពូល BRICS កំពុងប្រព្រឹត្តទៅ។ លោក ស៊ី ជីនពីង បានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្ដូរដែលគេមិនធ្លាប់បានឃើញក្នុងពេល១០០ឆ្នាំមកនេះ ដោយស្ថានការណ៍អន្តរជាតិកំពុងស្ថិតនៅក្នុងភាពចលាចល»។ លោកប្រធានាធិបតីចិនបន្ថែមថា «ប៉ុន្តែខ្ញុំមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពរវាងចិន និងរុស្ស៉ី នឹងបន្តឋិតថេរសម្រាប់អ្នកជំនាន់ក្រោយ ហើយការទទួលខុសត្រូវដ៏ ធំធេងរបស់ប្រទេសទាំង២ចំពោះប្រជាជនរបស់ខ្លួន នឹងមិនមានការផ្លាស់ប្ដូរនោះទេ»។
ជាការឆ្លើយតបផងដែរ លោក ពូទីន បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៉ី នៅក្នុងកិច្ចការពិភពលោក គឺជាកត្តាមួយដ៏សំខាន់នៅក្នុងចំណោមកត្តាជួយថែរក្សាស្ថិរភាពពិភពលោក។ «យើងមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើគ្រប់វេទិកាពហុភាគី ក្នុងគោលបំណងធានានូវសន្តិសុខសកល និងសណ្ដាប់ធ្នាប់ពិភពលោកប្រកបដោយភាពយុត្តិធម៌»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ពូទីន។
សហរដ្ឋអាមេរិក បានចាត់ទុកចិនជាគូប្រជែងដ៏ធំបំផុតរបស់ខ្លួន ហើយរុស្ស៉ីជាប្រទេសដែលគំរាមកំហែងធំបំផុត ដោយលោក ចូ បៃដិនបានសង្កត់ធ្ងន់ពីការប្រជែងរវាងប្រទេសប្រជាធិបតេយ្យប្រឆាំងនឹងប្រទេសផ្ដាច់ការ ដែលលោកចុចចំឈ្មោះតួយ៉ាងដូចជារុស្ស៉ី និងចិន៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖