ខេត្តកំពង់ឆ្នាំង ៖ ការប្រជុំពង្រឹងសមត្ថភាពដល់មន្រ្តីកសិកម្មឃុំលើការគាំទ្រដល់កសិករក្នុងការសម្របសម្រួលទីផ្សារស្រូវជូនកសិករ បានប្រារព្វធ្វើឡើងនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារនិងតម្លៃស្រូវជូនកសិករឲ្យបានប្រសិទ្ធភាពយើងគាំទ្រដល់មន្រ្តីកសិកម្មឃុំក្នុងការណែនាំឲ្យកសិករមានការយល់ដឹងនិងអនុវត្តន៍តាមគោលការណ៍ដូចខាងក្រោមនេះ ៖
1. គុណភាព
2. បរិមាណ
3. ពេលវេលាប្រមូលផល
4. ទីកន្លែង
5. តម្លៃ
ជាទូទៅទីផ្សារនិងតម្លៃស្រូវអាស្រ័យលើកត្តាទី1ដល់ទី 4៖
– ស្រូវមានគុណភាពល្អ ងាយរកអ្នកទិញនិងនាំឲ្យតម្លៃល្អ
– ស្រូវមានគុណភាពល្អ តែបរិមាណតិចមិនគ្រប់ការដឹកមួយឡានក៏ពិបាកលក់
– ស្រូវមានគុណភាពល្អ និងបរិមាណគ្រប់តែមិនអាចកំណត់ពេលវេលាបានមុនចាប់ពី 5 ថ្ងៃ ក៏ពិបាកលក់
– ស្រូវមានទាំងគុណភាព បរិមាណ ពេលវេលាប្រមូលផលសមស្រប តែស្រូវនៅទីតាំងពិបាកដឹកហើយរាយប៉ាយច្រើនកន្លែងពេកក៌ពិបាករឿងប្រមូលទិញនិងទទួលបានតម្លៃល្អដែរ។
នៅរដូវប្រមូលផលខាងមុខនេះមន្រ្តីកសិកម្មឃុំនឹងចាប់ផ្តើមដឹកនាំសម្របសម្រួលកសិករដើម្បីផលិតនិងប្រមូលផលស្រូវឲ្យបានគុណភាពល្អ មានបរិមាណសមរម្យ ផ្តល់ព័ត៌មានដល់អ្នកទិញបានមុន 5 ថ្ងៃ និងមានកន្លែងប្រមូលផ្តុំដែលងាយស្រួលចូលដឹកស្រូវដែលយើងហៅថាការគាំទ្រកសិករសហការគ្នា “ធ្វើស្រែតាមគោលការណ៍ស្រែល្អ និងស្រែសមកាល” ។ការរៀបចំរបៀបនេះបានជោគជ័យនឹងជួយដល់ការរកទីផ្សារជូនកសិករ ជាមួយនឹងការងាយស្រួលចរចាថ្លៃបានល្អ និងចូលរួមចំណែកកាត់បន្ថយថ្លៃដើមដែលជារួមបង្កើនប្រាកចំណេញជូនកសិករ ៕
ដោយ ៖ សិលា