ខេត្តមណ្ឌលគិរី ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថា រយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្ដិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិ ឬយកច្បាប់របស់ប្រទេសណាយកមកអនុវត្ដ ដូចជាការចោទប្រកាន់នោះទេ។
ការបញ្ជាក់ជាថ្មីរបស់សម្ដេចធិបតី ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិនោះទេ។ ប៉ុន្ដែក្រុម អ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីតែកេញចំណេញនយោបាយរបស់ពួកគេ លើកិច្ចសហប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីផងដែរថា សម្រាប់ការបិទបញ្ចប់ទាំងស្រុងនូវកិច្ចសហប្រតិបត្ដិការនេះ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋមានភាពហ្មងសៅ និងមន្ទិលសង្ស័យលើរឿង CLV-DTA ជាពិសេសកុំឱ្យក្រុមជ្រុលនិយមមួយចំនួនឆ្លៀតដុតបន្ថែម ដើម្បីប្រយោជន៍របស់ពួកគេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឡើងកាលពីឆ្នាំ១៩៩៩ ក្នុងគោលដៅធំ គឺដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តភាគឦសាន មិនធ្វើកិច្ចសហប្រតិបត្តិការនេះ ដើម្បីឲ្យបាត់អធិបតេយ្យជាតិ និងបូរណភាពទឹកដីនោះទេ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះដើម្បីរំលឹកបញ្ជាក់ឡើងវិញ នៅក្នុងរយៈពេល២៥ឆ្នាំ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនោះ កម្ពុជាមិនបានបាត់អធិបតេយ្យភាព ឬច្បាប់របស់ប្រទេសណាយកមកអនុវត្តនៅខេត្តមណ្ឌលគិរីទេ មានតែខេត្តមណ្ឌលគិរី មានតែពីប្រទេសផ្សេងចូលមកព្រំដែនត្រូវច្បាប់អន្តោប្រវេសន៍របស់យើង ការគោរពគ្នាទៅវិញទៅមក ឥវ៉ាន់ដឹកទៅវិញទៅមកនេះគឺជាការពិត។ ខ្ញុំសូមយកឱកាសនេះមកដើម្បីលើក នៅពេលឈរលើទឹកដីទិសឦសាននេះហើយ»។
បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវរឿងអស់សំណើចនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបំពេញបែបបទក្នុងការដកខ្លួន ចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណហើយនោះ បែរជាក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅតែបន្ដចិញ្ចឹមចិត្តវាយប្រហាររាជរដ្ឋាភិបាល និងបន្ដដុតរោលបញ្ឆេះប្រជាពលរដ្ឋ ដោយចោទប្រកាន់ផ្ទុយពីការពិតថា រាជរដ្ឋាភិបាលកម្ពុជាមិនបានដកខ្លួនទៅវិញ ៕
ដោយ ៖ សិលា