ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូរកការងារធ្វេីត្រូវជនសង្ស័យឆក់យកកាបូបបានសម្រេចហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសរលាត់ដៃជេីង​ ខណៈជិះម៉ូតូដេីររកការងារធ្វេីត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វេីសកម្មភាពឆក់យកកាបូបបានសម្រេច​បណ្តាលឱ្យស្ត្រីរងគ្រោះដួលអូសទៅនឹងថ្នល់ ហេីយជនសង្ស័យបានយកកាបូបគេចខ្លួនបាត់។ 

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២៤​ នៅលេីផ្លូវបេតុង​ ក្នុងភូមិចាក់ជ្រូក​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ តែដោយសារតែមានរបួសជនរងគ្រោះក៏ទៅព្យាបាលជំងឺសិនរហូតដល់ព្រឹកថ្ងៃទី២៥​ ខែតុលា​ ទេីបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ​បាលសុំកិច្ចអន្តរាគមន៍។ 

ជនរងគ្រោះឈ្មោះ​ ជា​ ចិន​ ភេទស្រីអាយុ៣៩ឆ្នាំ​ ស្នាក់នៅសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅ​ភូមិអំពៅព្រៃ​ ឃុំ​ចំបក់​ ស្រុកស្វាយជ្រំ   ខេត្តស្វាយរៀង។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ នៅមុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខព្រះសីហនុ​ 1D-1830 ដេីររកការងារធ្វេី​ ពីមួយកន្លែងទៅមួយកន្លែងតែមិនជាប់​ ទេីបគាត់ជិះម៉ូតូទៅរកបន្តទៀត​ ខណៈជិះមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូធុនធំមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយឆក់យកកាបូបរបស់គាត់ដែលព្យួរនៅខាងមុខម៉ូតូបណ្តាលឱ្យម៉ូតូគាត់ដួលអូសរងរបួសដៃជេីង​ ចំណែកជនសង្ស័យបានយកកាបូបទៅបាត់ដោយសុវត្តិភាព។ 

ជនរងគ្រោះបានអះអាងថា​ ក្នុងកាបូបរបស់គាត់មាន​អត្តសញ្ញាណប័ណ្ណមួយសន្លឹក កាតគ្រីម៉ូតូមួយ​សន្លឹក ទូរស័ព្ទចំនួន២គ្រឿង។ 

ក្រោយកេីតហេតុភ្លាមដោយសារតែរូបគាត់មានរបួសទេីបធ្វេីដំណេីរទៅព្យាបាលសិន​ លុះព្រឹកថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២៤​ ទេីបធ្វេីដំណេីរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ​បាលសំរោងក្រោមដេីម្បីសុំកិច្ចអន្តរាគមន៍៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖