ព័ត៌មានទាន់ហេតុការណ៍៖

បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើន ឡើងជាង ២៦% នៅត្រីមាសទី៣ ឆ្នាំ២០២៤នេះ

ចែករំលែក៖

ភ្នំពេញ៖ របាយការណ៍កំពង់ផែស្វយ័តភ្នំពេញ បានឲ្យ ដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង ១៦ម៉ឺនTEUs (ធីអ៊ីយូ) នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ដោយបានកើនចំនួន ២៦,១៣% បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៣។

បើតាមមន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា ការកើនឡើងនៃសកម្មភាពដឹកទំនិញឆ្លងកាត់កំពង់នផែស្វយ័តភ្នំពេញនាពេលនេះ គឺដោយសារតែការនាំ ចេញនូវកសិផលកម្ពុជា មានការកើនឡើង ព្រមជាមួយ នឹងការនាំចេញផលិតផលវាយភណ្ឌកាត់ដេរទៅទីផ្សារបរទេស ក៏មានការកើនឡើង ដែលបានធ្វើឲ្យកំណើននាំចេញផលិត​ផលពីកម្ពុជា។

មន្ត្រីកំពង់ផែស្វយ័តភ្នំពេញឲ្យដឹងបន្ថែមថា កំពង់ផែនេះ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់លើការធ្វើទំនើបកម្មប្រតិបត្តិការឲ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាពប្រកួតប្រជែងដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស និងបង្ខិតសេវាកម្មកំពង់ផែឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ចូលរួមក្នុងសកម្មភាពសង្គម និងសហគមន៍មូលដ្ឋាន។

គួរបញ្ជាក់ថា ដោយឡែក នៅខែកញ្ញា ឆ្នាំ២០២៤នេះដែរ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៥ម៉ឺន ២២៨៣ TEUs កើនចំនួន ៤៥,១១% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។ ហើយសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ បរិមាណនាវាដឹកអ្នកដំណើរ មានចំនួន ១៣៥ជើង កើន ២៩,៨១%  បើប្រៀធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣កន្លងទៅ និងអ្នកដំណើរសរុបចំនួន ៥៦៣៦នាក់ កើន ៤៩,៧៣% បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖