ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា”

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា” ។​ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី ថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់ សម្ភារៈ សាលារៀន ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការអប់រំនៅកម្ពុជាដែលបានចូលរួមពង្រឹងវិស័យអប់រំ និង ធនធានមនុស្សនៅកម្ពុជា។ សមិទ្ធផលទាំងនេះគឺបង្ហាញនូវការរឹតចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ចិន។ 

-សម្ដេចអធិបតី ថ្លែងអំណរគុណជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ និងគ្រូកិច្ចសន្យាទាំងអស់​ដែលបានខិតខំលះបង់កម្លាំង​កាយចិត្ត​ក្នុងការ​ចូលរួមបណ្ដុះ​ធនធានមនុស្សដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ 

-សម្ដេចធិបតី​ ថ្លែងថា​ សម្ពោធសមិទ្ធផលថ្ងៃនេះស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេស អាទិភាពធំរបស់យើងគឺមនុស្ស។ 

-សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាល នីតិកាលទី ៧  នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ មុំទី១ នៃយុទ្ធសាស្ត្រគឺការអភិវឌ្ឍមូលធនមនុស្ស និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

-សម្ដេចធិបតី​ ថ្លែងថា​ រាជរដ្ឋាភិបាលនៅតែបន្តពង្រឹងគោលនយោបាយការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនរុញទៅដល់មូលដ្ឋាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា និងទទួលបានការបណ្ដុះបណ្ដាលព័ត៌មានបច្ចេកវិទ្យាទំនើបៗនាយុគ្គសម័យបច្ចុប្បន្ននេះ។

-សម្ដេចធិបតី ថ្លែង​ផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកំណែទម្រង់វិស័យអប់រំ គឺពង្រឹងនៅថ្នាក់បឋមសិក្សា និងពង្រឹងនូវមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា។

-សម្ដេចធិបតី ថ្លែង​ថា សន្តិភាពគឺជាកត្តាសំខាន់ សម្រាប់កសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធដូច្នេះរួមគ្នាចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីបន្តកសាងប្រទេសជាតិ។

-សម្ដេចធិបតី ប្រកាសថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរក្សាស្ថិរភាព និងសន្តិភាពនៅកម្ពុជា។ សម្ដេចធិបតីរំលេចបន្ថែមថា ទោះបីជាមានបុគ្គលមួយក្រុមតូចអំពាវនាវឱ្យចូលរួមបង្កចលាចលនៅកម្ពុជាក្ដី ក៏បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសមិនចូលរួមតាមការអំពាវនាវនោះ ហើយបន្តចូលរួមរក្សាលំនឹងស្ថិរភាព និងសុខសន្តិភាព សម្រាប់កម្ពុជា។

បើតាមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវ​ជន និងកីឡា បានឱ្យដឹងថា តបតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិន​បាន​ឯក​ភាពផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា។

គម្រោងកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារ​បរិ​ក្ខារអប់រំនៅកម្ពុជា បានប្រើប្រាស់ថវិកាសរុប ២២.៥៩៥.៣៥០,១៤ដុល្លារអាមេរិក។ ក្នុងនោះថវិកា ២០.៤១៤.៩៩៥,១៤ដុល្លារអាមេរិក គាំទ្រដោយរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ២.១៨០.៣៥៥ដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្តថា គម្រោងនេះបានសាងសង់​អគារ​សិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក) នៅវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលគរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម៕

ដោយ​៖ តារា​


ចែករំលែក៖