ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីគម្រប់ខួប២០ឆ្នាំនេះ សម្តេចរដ្ឋសភាធិបតី ក៏ដូចជាឥស្សរជនថ្នាក់ដឹកនាំ ស្ថាប័នធំៗរបស់ជាតិ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងប្រជានុរាស្រ្តនៅទូទាំងប្រទេស សូមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត នូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ដើម្បីជាមហាម្លប់ដ៏ត្រជាក់ត្រជំដល់កូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។
«ទូលព្រះបង្គំយើងខ្ញុំ ព្រមទាំងប្រជានុរាស្ត្រទូទៅ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិទូទាំងប្រទេស និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងលើសកលលោក»។
កូនចៅប្រជានុរាស្រ្តទាំងអស់គ្នា សូមបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា