ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក លោកស្រី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ កីឡាករ កីឡាការិនី និងសាធារណៈជន។

មុនឈានចូលដល់សុន្ទរកថាបើកជាផ្លូវការរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរាយការណ៍សង្ខេបជូនដល់អង្គពិធីទាំងមូលអំពីសាវតានៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលមានការចូលរួមប្រកួតពី២៥ រាជធានីខេត្ត និងក្រសួងចំនួនបី គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលមានកីឡាករ កីឡាការិនី សរុបចំនួន ៤០៨៥នាក់ (គ្រូបង្វឹក គ្រូជំនួយចំនួន៧៣៤ នាក់ មន្រ្តីដឹកនាំប្រតិភូ៥២០នាក់) ដោយត្រូវប្រកួតប្រជែងក្នុង ៣៦ ប្រភេទកីឡាជាតិ និង ១៣ ប្រភេទកីឡាជនមានពិការភាព រួមមាន ៣៨៣ វិញ្ញាសា។ ចំពោះប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិជនពិការលើកទី២ មានចំនួន ១៣ រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិចត្រូនិច ជនពិការ និងមានវិញ្ញាសាសរុបចំនួន ៥៥។ គណៈកម្មការរៀបចំការប្រកួត នឹងប្រើប្រាស់ទីតាំងទីលានចំនួន ៥ រួមមាន៖ រាជធានីភ្នំពេញ មាន ១៧ទីលាន, ខេត្តកែប នៅទីរួមខេត្ត និងឆ្នេរដង្កោល, ខេត្តព្រះសីហនុ នៅឆ្នេររាម និងឆ្នេរអូរឈើទាល, ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និងភ្នំត្រោក, និងនៅខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។

បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការលើកកម្ពស់វិស័យកីឡាជាតិនាពេលបច្ចុប្បន្ននេះ ឱ្យមានការរីកចម្រើនគួរជាទីមោទនៈ និងការរៀបចំកម្មវិធីរត់ភ្លើងគប់អបអរសារទរការជីកព្រែកហ្វូណនតេជោ ស្របតាមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” និងការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នេះឱ្យទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ទិសទី។

ក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យកីឡា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសិទ្ធផលកីឡា ដើម្បីទាក់ទាញឱ្យមានការគាំទ្រកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការទទួលបានជោគជ័យក្នុងការប្រកួតទាំងលក្ខណៈជាតិ ទាំងលក្ខណៈអន្តរជាតិ។ការរៀបចំព្រឹត្តិការណ៍កីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមដូចជា នយោបាយការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាដើម ដែលនេះ គឺជាការខិតខំប្រឹងប្រែងរបស់កម្ពុជាយើងមួយជំហានទៀត ក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំងសេដ្ឋកិច្ចកម្ពុជា។

ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា តាមរយៈការបន្តការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ ការផ្តល់គាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា និងការកែទម្រង់ការប្រកួតកីឡាជាដើម ព្រមទាំងគូសបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជន អាស៊ីប៉ារ៉ាហ្គេមលើកទី៦ នៅឆ្នាំ២០២៩៕

ដោយ ៖ សិលា


ចែករំលែក៖