ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ ជានិមិត្តរូប នៅអនុវិទ្យាល័យចតុមុខ ដោយមានការ ចូលរួមពីសំណាក់លោកពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិ ការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទតំណាង ដៃគូអភិវឌ្ឍន៍ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួនប្រមាណ ១២០០ នាក់។
បន្ទាប់ពីស្តាប់សារលិខិតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៤ – ២០២៥ ដោយអភិបាល នៃគណៈអភិបាលរាជធានី បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេល នេះ គឺជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពក្នុងគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
រយៈពេល ១ឆ្នាំសិក្សាកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់បានខិតខំ និងចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើកំណែទម្រង់សាលារៀន និងកំណែទម្រង់សាលាគរុកោសល្យ ជាពិសេសការអនុវត្តវិធានការគន្លឹះចំនួន ៤ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី នាយក រដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋនិងសហគមន៍ ដើម្បីការអប់រំ»។
ក្នុងខែធ្នូ ឆ្នាំ២០២៣ក្រសួងអប់រំ យុវជន និងកីឡា បាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ស្តង់ដាសាលារៀនគំរូ» ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ជា សមិទ្ធផល ក្រសួងបានវាយតម្លៃនិងប្រគល់ពានរង្វាន់ជូនសាលារៀនគំរូចំនួន ១២០ និងកំពុងគាំទ្រដល់សាលារៀនដែលមានសក្តានុពលជាច្រើនទៀត ដើម្បីជាប់ស្តង់ដាសាលារៀនគំរូក្នុងឆ្នាំសិក្សា ២០២៤- ២០២៥ ស្របតាមស្តង់ដាទាំង ៥ រួមមាន (ស្តង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២)៖ វិធីសាស្ត្របង្រៀន ដើម្បីពង្រឹងបំណិនជាមូលដ្ឋាននៅកម្រិតបឋមសិក្សា (ស្តង់ដាទី៣)៖ ការចូលរួមរបស់មាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន និងជួយបង្រៀនកូនបន្ថែម (ស្តង់ដាទី៤)៖ ការគ្រប់គ្រងសាលារៀន ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន (ស្តង់ដាទី៥)៖ គណនេយ្យភាព ការអនុវត្តប្រព័ន្ធវាយតម្លៃការសិក្សារបស់សិស្ស រៀបចំយន្តការគាំទ្រសិស្សខ្សោយ។ សាលារៀនគំរូ ជាគ្រឹះស្ថានសិក្សាដែលខិតខំប្រឹងប្រែងអនុវត្តកម្មវិធីសិក្សាថ្មី ជាពិសេសការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាបន្ថែម ដើម្បីបង្កើនម៉ោងសិក្សាឱ្យបានយ៉ាងហោចណាស់ ២ម៉ោងសិក្សាបន្ថែមទៀត។
ដើម្បីសម្រេចបានទិសដៅដែលបានគ្រោងទុក បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ត្រូវខិតខំរកវិធីសាស្ត្រថ្មីៗ និងហ៊ានអនុវត្តគំនិតនវានុវត្តរបស់ខ្លួន ដើម្បីលើកស្ទួយគុណភាពធនធានមនុស្សនៅក្នុងសាលា និងសូមឱ្យស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសលោកឪពុក អ្នកម្តាយ អ្នកឤណាព្យាបាលទាំងអស់នៅទូទាំងប្រទេស ចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីជួយដល់សិស្សានុសិស្សឱ្យក្លាយជាបុគ្គលិកមានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតីរឹងប៉ឹង និងសុខភាពល្អប្រសើរ សម្រាប់ជាធនធានបន្តវេនដ៏មានសក្តានុពលក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍជាតិ។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេស នាយក នាយិកា គណៈគ្រប់គ្រងសាលារៀនលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តដឹកនាំដំណើរការសាលារៀនប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព បានបិទបញ្ចប់ឆ្នាំសិក្សា ២០២៣ -២០២៤ ដោយសុវត្ថិភាព និងត្រៀមលក្ខណៈរួចរាល់សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មីនេះ៕
ដោយ៖ សូរិយា