ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចែកជូនដល់កងកម្លាំងឈរជើងការពារនៅតាមបណ្តាកោះ មូលដ្ឋានសមុទ្រ ទន្លេ អង្គភាពកងទ័ពជើងទឹក។
ពិធីប្រគល់និងទទួលអាវរងា ធ្វើឡើងនៅបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានបណ្តាកងឯកភាពចំណុះមកទទួលផ្ទាល់ រួមមាន៖ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ មូលដ្ឋានសមុទ្ររាម ទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បញ្ជាការដ្ឋានពិសេសប្រឆាំងភេរវកម្ម និងវិទ្យាស្ថានកងទ័ពជើងទឹក។
ក្នុងមតិស្វាគមន៍ ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងបានរួមសុខរួមទុក្ខ ដោះស្រាយការលំបាក និងទំនុកបម្រុង ថែបំប៉នគ្រប់បែបយ៉ាងដល់កងទ័ព ទាំងស្មារតី សម្ភារៈ និងថវិកា ជាក់ស្តែង កន្លងមកនេះ ពេលខែភ្លៀងផ្តល់អាវភ្លៀង ខែរងាផ្តល់អាវរងា។
ឧត្តមនាវីឯក ស្រ៊ុន សារឿន បានសម្តែងនូវការជឿជាក់ និងភាពស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងដឹកនាំប្រទេសប្រកបដោយថាមពល និងភាពជោគជ័យ ពិសេសការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយរឹងមាំ បន្តកំណើនសេដ្ឋកិច្ច ក៏ដូចជាការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។
មានមតិសំណេះសំណាល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីទឹកចិត្តរបស់សម្តេចចំពោះសុខទក្ខកងទ័ព និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានកងទ័ពជើងទឹក និយាយដោយឡែកបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ដែលបានខិតខំបំពេញភារកិច្ចដោយការប្តេជ្ញាចិត្ត និងលះបង់ខ្ពស់ រួមទាំងការកសាងអង្គភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការកសាងធនធានមនុស្សមានការរីកចម្រើនគួរជាទីមោទនៈ។
អគ្គមេបញ្ជាការ បានលើកឡើងអំពីសភាពការណ៍ជាតិ អន្តរជាតិសំខាន់ៗដែលកើតមានក្នុងពេលបច្ចុប្បន្ន និងបានណែនាំដល់មេបញ្ជាការឲ្យបង្កើនការតាមដានសភាពការណ៍ និងយកចិត្តទុកដាក់ពង្រឹងកម្លាំងឲ្យបានរឹងមាំ ដើម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាព ព្រមទាំងទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា រួមមាន៖ ការជួញដូរគ្រឿងញៀន ជួញដូរមនុស្សជាដើម។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានក្រើនរម្លឹកដល់មេបញ្ជាការគ្រប់រូប បង្កើនការយកចិត្តទុកដាក់ប្រសាសន៍ណែនាំសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ពាក់ព័ន្ធអំពីយោធិនពិការយោធិនចូលនិវត្តន៍ ក្នុងនោះយោធិនដែលមានជំនាញ មានសមត្ថភាពត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការចូលនិវត្តន៍៕
ដោយ ៖ សិលា