ភ្នំពេញ៖ លោក គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន និង នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងជាអនុប្រធានក្រុមការងារចំពោះកិច្ច គ្រប់គ្រង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ ព្រំដែន ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងផែនការ នៃមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន ដោយបានបង្ហាញនូវលទ្ធផលដូចខាងក្រោម៖
១. រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម ព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន តាមសេចក្តីសម្រេចលេខ២១៧ សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើជាសេនាធិការជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លើការគ្រប់គ្រង និង ចាត់ចែងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ជាមួយនឹង ការប្រគល់ភារកិច្ច ស្នូលសំខាន់ៗមួយចំនួនទៀត ដើម្បីធានាដល់ការចាត់ចែង និងប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ ដែលទទួលបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ត្រូវបានយកទៅ កសាងផ្លូវក្រវាត់ព្រំដែនយ៉ាងត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព និង ក្នុងស្មារតីសន្សំសំចៃ។
២. “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ដែល ត្រូវបានប្រកាសបង្កើតឡើងដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មានគោលបំណងចម្បង ចំនួន ០២ គឺ៖ (ទី១). ដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋា រចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន និង(ទី២). ដើម្បីផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុង បុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជា។
៣. ជាលទ្ធផលក្នុងរយៈពេល ៦៦ថ្ងៃ នៃដំណើរការទទួលការបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុងមូលនិធិនេះ ពោល គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គឺមានបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅ ប្រទេសសរុបចំនួន ៧២០.១០៥ អង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុស និងទទួលបាន ទឹកប្រាក់សមមូលសរុប ចំនួន ២៦.៩៦៧.៦០៩ ដុល្លារអាមេរិក (ប្រាក់រៀលសរុបចំនួន ៣២.៩៥២.៤៤២.០៤៤រៀល និងប្រាក់ដុល្លារអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លារអាមេរិក)។ បងប្អូនជនរួមជាតិ ដែលបានចូល រួមបរិច្ចាគជាង ៧២ម៉ឺនអង្គ/នាក់នេះ គឺមកពីគ្រប់ទិសទី មានទាំងព្រះសង្ឃតាមវត្តអារាម លោកយាយ លោក តា លោកគ្រូអ្នកគ្រូ ក្មួយៗសិស្ស-និស្សិត សិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនី កម្មករ-កម្មការិនី ពាណិជ្ជ ករ អាជីវករតាមផ្សារ និយាយរួម គឺបងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ក្នុងនោះក៏ មានបងប្អូនខ្មែរដែលរស់នៅ និងកំពុងធ្វើការនៅក្រៅប្រទេស មានដូចជា សហរដ្ឋអាមេរិក, កាណាដា, អូស្ត្រាលី, បារាំង ជប៉ុន, កូរ៉េខាងត្បូង, ចិន, ថៃ និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងទ្វីបអឺរ៉ុប និងអាស៊ីផងដែរ។
៤. ថវិកាដែលទទួលបាននេះ នឹងត្រូវយកទៅកសាងផ្លូវក្រវាត់ព្រំដែន ប្រកបដោយការទទួលខុសត្រូវ ដែលនឹងធានានូវតម្លាភាព គណនេយ្យភាព និងការសន្សំសំចៃខ្ពស់។ តាមការសិក្សា ទំហំថវិកានេះ ត្រូវបាន កំណត់ស្ថាបនាផ្លូវក្រាលល្បាយថ្មមួយខ្សែ (ជាផ្លូវថ្មី) ដែលមានតួផ្លូវ ៩ ទៅ ១០ម៉ែត្រ, ទទឹងផ្លូវ ៧ម៉ែត្រ និងមាន ប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ដោយមាន ០៤ខ្សែ ក្នុងនោះ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងក្នុងខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ ដោយប្រើរយៈពេលវេលាប្រមាណ ៣០ខែ ដែលនឹងសម្រេចជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៧។ គម្រោងផែនការកសាងផ្លូវក្រវាត់ព្រំដែនទាំង បួនខ្សែនេះ នឹងត្រូវធ្វើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះលើផ្ទៃដីសរុប ៦,២៥០,០០០ម២ និង សំណង់សិល្បការ្យគ្រប់ប្រភេទរួមមាន៖ ស្ពានបេតុងសរសៃដែក ចំនួន ២៣កន្លែង សរុបប្រវែង ៥៦៧ម លូ ប្រអប់បេតុងគ្រប់ប្រភេទចំនួន ៤៧កន្លែង សរុបប្រវែង ៣៦៩ម លូមូលបេតុងគ្រប់ប្រភេទ ចំនួន ៤៩៤កន្លែង និង ថ្នល់បេតុងបង្កៀររក្សាទឹក ទុកប្រើប្រាស់ ចំនួន ០២កន្លែង សរុបប្រវែង ៧២ម។
៥. ផ្អែកតាមបទពិសោធន៍ក្នុងការកសាងផ្លូវក្រវាត់ព្រំដែនរបស់កងវិស្វកម្ម អគ្គបញ្ជាការ អស់រយៈពេល ជាច្រើនឆ្នាំកន្លងមកនេះ ពោល គឺចាប់តាំងពីឆ្នាំ១៩៩៤ ដែលជាដំណាក់កាលប្រទេសយើងនៅមិនទាន់បញ្ចប់ សង្គ្រាមនៅឡើយ បន្តមកដល់ដំណាក់កាលសមាហរណកម្ម ក្រោមនយោបាយឈ្នះឈ្នះ និងរហូតដល់សម័យ កាលសុខសន្តិភាពដូចសព្វថ្ងៃនេះ ការកសាងផ្លូវក្រវាត់ព្រំដែន គឺជាភារកិច្ចស្នូលរបស់កងវិស្វកម្ម អគ្គបញ្ជាការ ដែលត្រូវប្រឈមនឹងកត្តាភូមិសាស្ត្រស្មុគស្មាញ បញ្ហាគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តំបន់ជំងឺគ្រុនចាញ់ កន្លែងខ្លះជាតំបន់ជួរភ្នំជាប់គ្នាញឹកដៃដាស់ និងជ្រលងភ្នំជ្រៅៗ តំបន់កង្វះខាតទឹកខ្លាំងនៅរដូវប្រាំង និងពិបាក ចល័តមធ្យោបាយដឹកជញ្ជូនស្បៀង សម្ភារៈបម្រើឱ្យការងារសាងសង់។ ហេតុនេះហើយ រាជរដ្ឋាភិបាលអាណត្តិ មុនៗ ក៏ដូចជារាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ចាំបាច់ត្រូវប្រគល់ការសាងសង់ផ្លូវក្រវាត់ព្រំដែននេះឱ្យ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ជាប្រតិបត្តិករគម្រោងតែម្តង ជាពិសេសផ្លូវនេះត្រូវរៀបចំតាមបទដ្ឋាន បច្ចេកទេសយោធា ដែលជាផ្នែកមួយនៃកិច្ចការពារខ្សែបន្ទាត់ព្រំដែននៃប្រទេសយើងផងដែរ។
៦. ក្នុងនាមក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោត លើការកសាងផ្លូវតាមព្រំដែន គោរពសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ជំនួសមុខជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ថ្លែងនូវអំណរព្រះគុណថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ, សូមគោរពថ្លែង អំណរព្រះគុណថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ ដែលបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចូលរួមចំណែកក្នុងមូលនិធិផងដែរ និងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមបរិច្ចាគ និងគាំទ្រដល់មូលនិធិនេះ ដោយបានបង្ហាញនូវការចូលរួមចំណែកផ្ទាល់ជាប្រវត្តិសាស្ត្រជាមួយរាជរដ្ឋាភិបាលហើយក៏ជាមោទនភាព និងជាអនុស្សាវរីយ៍គ្មានថ្ងៃបំភ្លេចបានឡើយ រវាងប្រជាពលរដ្ឋជាមួយនឹងមេដឹកនាំរបស់យើង គឺ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ តារា