សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយសៀវភៅសមួយ ដែលចោទប្រកាន់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិងកំពុងធ្វើឱ្យប្រទេសកូរ៉េខាងត្បូងប្រឈមហានិភ័យសង្រ្គាមនុយក្លេអ៊ែរ ដោយសារគោលនយោបាយរបស់លោកចំពោះប្រទេសកូរ៉េខាងជើង។
ឯកសារខាងលើដែលចងក្រងដោយ វិទ្យាស្ថានសិក្សារដ្ឋសត្រូវរបស់កូរ៉េខាងជើង និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរិះគន់ចំពោះ ការណ៍ដែលលោក Yoon តែងធ្វើការអត្ថាធិប្បាយយ៉ាងធ្វេសប្រហែល ស្តីអំពីសង្រ្គាម, បោះបង់ចោលចំណុចផ្សេងៗ នៅក្នុងកិច្ចព្រមព្រៀងអន្តរកូរ៉េ, ចូលរួមរៀបចំផែនការសង្រ្គាមនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក និងព្យាយាមស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយជប៉ុន និងអង្គការ NATO។
សៀវភៅសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា សកម្មភាពខុសធ្ងន់ធ្ងរទាំងអស់នេះរបស់កូរ៉េខាងត្បូង បានបង្ខំឱ្យកូរ៉េខាងជើង ត្រូវប្រឹងប្រែងបង្កើនចំនួនអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងសន្ទុះយ៉ាងឆាប់រហ័ស ហើយព្យាយាមអភិវឌ្ឍឱ្យខ្លាំងថែមទៀត នូវសមត្ថភាពវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
លោក Yoon ដែលជាអ្នកនយោបាយអភិរក្សនិយម បានប្រកាន់ជំហរយ៉ាងរឹងមាំប្រឆាំងកូរ៉េខាងជើង ផ្ទុយពីអតីតប្រធានាធិបតី លោក Moon Jae-in។ រដ្ឋបាលលោក Yoon បានទម្លាក់កំហុសលើកូរ៉េខាងជើង សម្រាប់ការកើនឡើងភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយសារតែការធ្វើតេស្តសព្វាវុធឥតឈប់ឈរ។ ទីក្រុងព្យុងយ៉ាង បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងអន្តរកូរ៉េ ចាប់តាំងពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសចាត់ទុក កូរ៉េខាងត្បូង ជាសត្រូវចម្បង ហើយបាននិយាយថា ការបង្រួបបង្រួមគ្នា គឺលែងអាចទៅរួចទៀតហើយ៕ ដោយ៖ ធីរីណា
រូបថត៖ KCNA