ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល (5th Ad-hoc CCC Meeting) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល (5th Ad-hoc CCC Meeting) ។ 

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំដោយ លោក ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល។

គោលបំណងនៃកិច្ចប្រជុំ ផ្តោតទៅលើចំណុចសំខាន់ៗរួមមាន៖

-ពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ ក្រោមគម្រោងហិរញ្ញប្បទាន ឥតសំណងមូលនិធិសកល

-ធ្វើបច្ចុប្បន្នភាពលើការរៀបចំផែនទីបង្ហាញផ្លូវពីយុទ្ធសាស្រ្តធានានិរន្តរភាពនៃកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់

-ពិភាក្សាអំពីអនុសាសន៍រួមរបស់ក្រុមការងារមូលនិធិសកលដែលបាននិងកំពុងបំពេញបេសកកម្មនៅកម្ពុជា។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសុខាភិបាល តំណាងអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រុមការងារមូលនិធិសកលដែលដឹកនាំដោយលោក Olivier Cavey អ្នកគ្រប់គ្រងជាន់ខ្ពស់មូលនិធិសកលប្រចាំតំបន់អាស៊ី សមាជិកគណៈកម្មការធិការសម្របសម្រួលជំនួយមូលនិធិសកល តំណាងអង្គការដៃគូ អភិវឌ្ឍន៍អន្តរជាតិ អង្គការសង្គមស៊ីវិល និងតំណាងប្រជាជនងាយទទួលរងគ្រោះដោយជំងឺ អេដស៍ របេង និងគ្រុនចាញ់ និងកម្មវិធីជាតិទាំងបីនេះផងដែរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖