ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ចំនួន ៨ ក្រោម ប្រធានបទ “អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន»

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និង ការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅ ធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់ គុណភាពជីវភាពនៅជនបទ។ រាជរដ្ឋាភិបាលក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកស្ទួយ សុខុមាលភាពរបស់ប្រជាជន តាមរយៈការលើកកម្ពស់សេវាសុខភាពសាធារណៈនិងអាហារូបត្ថម្ភ និង ពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀងឱ្យកាន់តែរឹងមាំ ឆ្លាតវៃ ធន់ បរិយាប័ន្ន ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។

ក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភ លើកទី១១ ឆ្នាំ២០២៤នេះ ក្រោម ប្រធានបទ “អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន» និងក្នុងគោលបំណងលុបបំបាត់ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ឱ្យមានប្រសិទ្ធភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមផ្តល់នូវអនុសាសន៍ដូចតទៅ៖

១- ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀត រៀបចំនិងអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ និងធ្វើ បច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមជាសកលនានាដែលកើតមានឡើង។

២- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ ផលិតភាព ពិពិធភាវូនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំ ដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ តាមរយៈការស្រាវជ្រាវនិងផ្សព្វផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យា ថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទិន្នន័យស្តីពីការដាំដុះ និងការពារផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិង អាហារូបត្ថម្ភរបស់ប្រជាជន។

៣- ក្រសួងសុខាភិបាល ត្រូវបន្តអប់រំផ្សព្វផ្សាយឱ្យស្ត្រីទៅទទួលការប្រឹក្សាយោបល់ស្តីពីអាហារូបត្ថម្ភ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល និងរក្សាទម្លាប់ បំបៅកូនដោយទឹកដោះម្តាយឱ្យបានល្អ រួមមានការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូង ក្រោយពីសម្រាល និងបន្តការបំបៅកូនដោយទឹកដោះម្តាយនេះឱ្យបានរហូតដល់កុមារមានអាយុយ៉ាងតិច បំផុត២ឆ្នាំ។

៤- សូមឱ្យមាតា បិតា ឬអាណាព្យាបាលនាំកូនដែលមានអាយុក្រោម២ឆ្នាំ ទៅមណ្ឌលសុខភាព ដើម្បីតាមដានសុខភាព និងតាមដានការលូតលាស់របស់កុមារ និងសូមនាំកុមារដែលមានអាយុចាប់ពី៦ខែ ដល់៥៩ខែ ទៅទទួលគ្រាប់ថ្នាំជីវជាតិអា ឱ្យបានពីរដងក្នុងមួយឆ្នាំ នៅតាមមណ្ឌលសុខភាព ឬនៅតាម មូលដ្ឋានសុខាភិបាលនានា ដើម្បីជួយដល់ការលូតលាស់របស់កុមារ និងជួយពង្រឹងប្រព័ន្ធរាងកាយទប់ទល់នឹង ការបង្ករោគផ្សេងៗ។

៥- គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្តល់ស្បៀង ការផ្តល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែ សម្រាប់ស្ដារការដាំដុះឡើងវិញក្រោយរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា និងជំរុញការដាំដុះបន្លែមានសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើន ប្រាក់ចំណូល និងប្រាក់សន្សំ។

៦- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ត្រូវបន្តជំរុញពង្រឹងការអនុវត្តលើតម្រូវការ ការប្រើប្រាស់ស្លាកសញ្ញាសម្គាល់ផលិតផល និងព័ត៌មានអាហារូបត្ថម្ភជាអក្សរខ្មែរលើគ្រប់មុខទំនិញ រួមទាំង អាហារបញ្ចូលមីក្រូសារជាតិ ដើម្បីជួយឱ្យអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើ អាហារបរិភោគ និងត្រូវលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារ តាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍និងការផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ ដូចជា ការទម្លាក់ព្រូន ការត្រួតពិនិត្យសុខភាព អនាម័យ និងការប្រឹក្សាយោបល់ស្តីពីសុវត្ថិភាពចំណីអាហារជាដើម។

៧- ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី ខេត្ត អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន ដើម្បីបរិភោគ រួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងប្រតិបត្តិ អនាម័យ ដើម្បីទទួលបានអាហារូបត្ថម្ភ និងមានសុខភាពល្អ ជាពិសេសត្រូវបង្កើនចលនាយុវជនយល់ដឹងពី របៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារ ខ្មែរដែលសម្បូរសារជាតិ និងមានសុវត្ថិភាព។

៨- សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់ក្រុមហ៊ុន ម្ចាស់ សិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា រួមទាំងនៅតាម គ្រឹះស្ថានសិក្សា និងរមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និង ចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមានអនាម័យល្អ មានសុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដាបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ៕

ដោយ ៖ សិលា


ចែករំលែក៖