ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការទទួលជួបនាយការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ី(ចាស់-ថ្មី) ដើម្បីសម្ដែងការគួរសមជម្រាបលា និងបង្ហាញមុខ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួប វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ី(ចាស់) និងវរសេនីយ៍ឯក អាហ្វុង បូឌី អាស្មារ៉ា នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ី(ថ្មី) ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបនោះ វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ និងវរសេនីយ៍ឯក អាហ្វុង បូឌី អាស្មារ៉ា បានថ្លែងអំណរគុណចំពោះឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ ដែលបានអនុញ្ញាតឲ្យការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ីចូលជួបសម្តែងការគួរសម ព្រមទាំងបានប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ដែលមានរយៈកាលជាង៦៥ឆ្នាំកន្លងមកនេះ និងបានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ កសាងនិងរក្សាសន្តិភាពនៅកម្ពុជា នាអំឡុងចុងទសវត្សន៍៨០ និងដើមទសវត្សន៍៩០ ក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ព្រមទាំងការគាំទ្រកម្ពុជាក្លាយជាសមាជិកអាស៊ាន នាឆ្នាំ១៩៩៩។

អគ្គមេបញ្ជាការ បានអបអរសាទរ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ឯកឧត្តម ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់គូ ដែលជាប់ឆ្នោតជាប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី ហើយបានចាត់ទុកការមកបំពេញទស្សនកិច្ចរបស់ឯកឧត្តម នៅកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញយ៉ាងជាក់ច្បាស់ថា រាជរដ្ឋាភិបាលប្រទេសទាំងពីរមានចក្ខុវិស័យក្នុងការជំរុញពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើវិស័យជាច្រើន។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ (និយាយជារួម) និយាយដោយឡែក ចំពោះសមិទ្ធផលការងាររបស់ វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ ដែលបានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។

ជាមួយនោះ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណកងទ័ពឥណ្ឌូនេស៊ី ដែលតែងបានផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទទាំងសម្ភារៈ និងធនធាន ជាពិសេសការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការទទួលយកសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅឥណ្ឌូនេស៊ី លើវគ្គជំនាញបច្ចេកទេសពិសេសៗ ហើយថែមទាំងបានបញ្ជូនយោធាចារ្យមកបង្ហាត់បង្រៀនដល់នៅបញ្ជាការដ្ឋានទ័ពពិសេស និងបញ្ជាការដ្ឋានអង្គរក្សជារៀងរាល់ឆ្នាំទៀតផង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តល់នូវការជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែទូលំទូលាយថែមទៀត ដោយ នាយឧត្តមសេនីយ៍ បានសំណូមពរកងទ័ពឥណ្ឌូនេស៊ីជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តកិច្ចសហប្រតិបត្តិការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព និងការធ្វើលំហាត់សមយុទ្ធយោធារួមគ្នា។

ជាកិច្ចឆ្លើយតប វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ បានគូសបញ្ជាក់ថា ថ្វីត្បិតតែបច្ចុប្បន្ន ឯកឧត្តម ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់គូ បានក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី ប៉ុន្តែឯកឧត្តម នៅតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា ដោយចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យតំបន់អាស៊ានស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសលើសកលលោក។

វរសេនីយ៍ឯក ម៉ូច អាម៉ាដ រីហ្សាល់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត មានការប្តេជាចិត្តខ្ពស់ក្នុងការពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឥណ្ឌូនេស៊ី-កម្ពុជា ឱ្យមានការរីកចម្រើន ហើយសម្រាប់អនុព័ន្ធយោធាឥណ្ឌូនេស៊ី ក៏បានធ្វើការប្តេជ្ញាចិត្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យរីកចម្រើនផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖