ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការងារជួសជុល កែលម្អ សួន និងរូបសំណាកសម្ដេចសង្ឃរាជជួនណាត ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្ដព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការងារជួសជុលកែលម្អសួននិងរូបសំណាកសម្តេចព្រះសង្ឃរាជជួនណាត, លាបថ្នាំតាមរបាំងចែកទ្រូងផ្លូវ គំនូសចរាចរណ៌ ដើម្បីទទួលអបអរសាទរព្រះរាជពិធីបុណ្យអុំទូក និងដើម្បីលេីកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាតនិងទាក់ទាញទេសចរចូលមកលេងកម្សាន្ដក្នុងឱកាសពិធីបុណ្យអុំទូកនេះផងដែរ ។

បច្ចុប្បន្ននេះរដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការជួសជុលតុបតែងកែលម្អ វិមានឯករាជ្យ សួនច្បារ សួនកម្សាន្ត សម្រាប់កុមារ ជួសជុលកែលម្អលាបថ្នាំតាមគល់ឈេី តុបតែងភ្លេីងពណ៌តាមដេីមឈេីព្រមទាំងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាជាច្រេីនទៀតនៅតាមសួនច្បារសាធារណៈតាមដងផ្លូវ លាបរបាំងចែកផ្លូវ គំនូសចរាចរណ៍ ។  គោលបំណង ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្តលំហែកាយសម្រាប់ព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី១៤ ,១៥ ,១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ 

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញបានធ្វើការជួសជុលកែលម្អសួនច្បាររង្វង់មូល និងរូបសំណាកសម្តេចព្រះសង្ឃរាជជួនណាតឱ្យមានសោភណភាពស្អាតឡេីងវិញ។ 

ជាក់ស្ដែងក្រុមការងារជំនាញមួយផ្នែករបស់រដ្ឋបាលរាជនីភ្នំពេញបាននិងកំពុងមមាញឹកធ្វើការជួសជុលកែលម្អសួនច្បាររង្វង់មូលនិងរូបសំណាកសម្តេចព្រះសង្ឃរាជជួនណាត ដែលត្រូវកោសឈូសលាងសម្អាតបាញ់ថ្នាំសាជាថ្មីឱ្យមានសោភណភាពស្រស់ស្អាតឡេីងវិញ។ 

មន្ត្រីជំនាញបានបន្តថា ការងារជួសជុលកែលម្អនេះបានចាប់អនុវត្តពីថ្ងៃ ទី២៧ខែតុលា ដែលនឹងត្រូវបញ្ចប់រួចរាល់ ក្នុងមួយសប្តាហ៏ទៀតនេះ គឺឱ្យរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូកឆាប់ៗនេះ ។ 

មន្ត្រីជំនាញបានបញ្ជាក់ថា សួនច្បារ រង្វង់មូលនិងរូបសំណាកសម្តេចព្រះ សង្ឃរាជជូនណាតនេះ ក្រុមការងារធ្វើ ការជួសជុល សម្អាតកម្រាលថ្ម បាយក្រៀមបាតក្រោម ឈួសសម្អាតបង្កាន់ដៃ បៀកលាបថ្នាំពណ៌ស្ពាន់ និងពណ៌ទឹកមាសដូចដេីមវិញ ។ ចំពោះក្បាច់ជេីងទម្រកាំជណ្តេីរសម្អាតបាញ់ថ្នាំចំណែកបល្ល័ង្ក ឆ័ត្ររួត និងរូបសំណាកក្រុមការងារលាងសម្អាត បៀកកាវបិទស្ពាន់បាញ់ថ្នាំទ្រនាប់ និងបាញ់ថ្នាំពណ៌ស្ពាន់ដូចដើម ទាំងអស់ឡេីងវញ។ 

មន្ត្រីជំនាញដដែលបញ្ជាក់ថាក្រុមការងារជួសជុលកែលម្អសួនច្បាររង្វង់មូល និងរូបសំណាកសម្តេចព្រះសង្ឃរាជ ជូន ណាត នេះ គឺក្រុមជាងដែលមានជំនាញ និងបទពិសោធន៍របស់ក្រុមអ្នក បច្ចេកទេសមកពីសាលារចនារបស់ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ។ 

សូមរំលឹកថា សួនច្បាររង្វង់មូលនិងរូប សំណាកសម្តេចព្រះសង្ឃរាជជូនណាត នេះ បានធ្វេីឡេីងកាលពីអំឡុងឆ្នាំ ២០០៧ នៅកន្លែងរូបសំណាកយក្សកាច់កចាស់រហូតមកដល់ពេលនេះរូបសំណាកមានអាយុកាលជិត២០ឆ្នាំហើយ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ក៏មានការជួសជុលលាបថ្នាំជាបន្តបន្ទាប់ផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖