ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងទ្វីប Minuteman III នៅថ្ងៃបោះឆ្នោតប្រធានាធិបតី

ចែករំលែក៖

ការបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប Minuteman III កាលពីថ្ងៃទី 5 ខែវិច្ឆិកា គឺជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃ ដើម្បីបង្ហាញពីសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែររបស់អាមេរិក។
បញ្ជាការការវាយប្រហារសកលរបស់កងទ័ពអាកាសអាមេរិក (AFGSC) បាននិយាយថា “សហរដ្ឋអាមេរិកបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប Minuteman III ដោយគ្មានក្បាលគ្រាប់នៅម៉ោង 11:01 យប់ថ្ងៃទី 5 ខែវិច្ឆិកា (ថ្ងៃទី 6 ខែវិច្ឆិកា ម៉ោងនៅកម្ពុជា) នៅមូលដ្ឋានទ័ពអវកាស Vandenberg រដ្ឋកាលីហ្វ័រញ៉ា” ។
យោងតាម AFGSC កាំជ្រួចនេះធ្វើដំណើរបានចម្ងាយប្រហែល 6,759 គីឡូម៉ែត្រ ហើយបានធ្លាក់នៅទីតាំងសាកល្បងកាំជ្រួចផ្លោង Ronald Reagan នៅកោះ Marshall ។ ការសាកល្បងនេះគឺជាផ្នែកមួយនៃសកម្មភាពទៀងទាត់ និងតាមកាលកំណត់ ក្នុងគោលបំណងបង្ហាញពីសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែររបស់អាមេរិក។
AFGSC បានសង្កត់ធ្ងន់ថា យោធាអាមេរិកបានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបប្រភេទនេះច្រើនជាង ៣០០ដង។ ការធ្វើតេស្តនេះមិនទាក់ទងនឹងព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នទេ។
មីស៊ីល Minuteman III ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1966 ហើយមានការធ្វើឱ្យប្រសើរឡើងជាច្រើននៅក្នុងកំណែនីមួយៗ។ យោងតាមទិន្នន័យសាធារណៈ សហរដ្ឋអាមេរិកមានកាំជ្រួចមីស៊ីល Minuteman III ប្រហែល ៤០០ គ្រាប់ដាក់ក្នុងស៊ីឡូ ដែលរាយប៉ាយពាសពេញទឹកដីអាមេរិក។ នៅឆ្នាំ 2015 ឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានទទួលដំណើរការទំនើបកម្មដែលពង្រីកអាយុកាលសេវាកម្មរបស់ Minuteman III ដល់ឆ្នាំ 2030 ។
មីស៊ីល Minuteman III គឺជាកាំជ្រួច 3 ដំណាក់កាល ប្រើឥន្ធនៈរឹង មានទម្ងន់ 36តោន ប្រវែង 18.3m អង្កត់ផ្ចិតតួ 1.67m ចម្ងាយអតិបរមា 13.000km ក្នុងល្បឿន 7km ក្នុង១វិនាទី។ កាំជ្រួច Minuteman III អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានរយៈចម្ងាយឆ្ងាយជាង ៩.៧០០ គីឡូម៉ែត្រ ល្បឿនជាង ២៤.០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕ ដោយ៖ ធីរីណា

រូប​ថត​៖ tienphong


ចែករំលែក៖