ខេត្តរតនគិរី៖ បើតាមការឱ្យដឹងអង្គការ NatureLife នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤បានឲ្យដឹងថា សត្វ ក្រៀលគឺជាប្រភេទសត្វដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក ទិន្នន័យជំរឿននៅឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ ១៧៨ ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលកម្ពុជាបាន និងកំពុងធ្វើការអភិរក្សសត្វក្រៀលដែលមានវត្តមានទូទាំងប្រទេស។
ដោយឡែកក្នុងរដូវកាលបន្តពូជឆ្នាំ២០២៤នេះ ក្រុម ការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា ដែនជម្រកសត្វ ព្រៃលំផាត់បានធ្វើការយ៉ាងសកម្មក្នុងការអង្កេតតាម ដានស្វែងរកសំបុករបស់សត្វក្រៀល និងការការពារពិនិត្យតាមដានសំបុកពងកូនរបស់ពួកវាក្នុងដែនជម្រក សត្វព្រៃនេះ។ ជាលទ្ធផលគិតមកត្រឹមខែតុលា ឆ្នាំ ២០២៤ ក្រុមការងាររបស់អង្គការ NatureLife បានកត់ត្រាសំបុករបស់សត្វក្រៀលចំនួន៥សំបុកហើយមានកូនសរុបចំនួន០៩ក្បាល បានហើរចេញពីសំបុកដោយជោគជ័យក្នុងអត្រា១០០ភាគរយ។
យោងតាមទិន្នន័យនេះបានបញ្ជាក់ឱ្យឃើញថាចំនួនសំបុកសត្វក្រៀលនៅដែនជម្រកសត្វព្រែដែលកំពុងអនុវត្តគម្រោងរេដបូកនេះមានចំនួនថេរបើប្រៀបធៀបទៅនឹងការរកឃើញឆ្នាំ២០២៣កន្លងមក។ នេះបានបង្ហាញថាដែនជម្រកសត្វព្រៃលំផាត់គឺជាទីជម្រកដ៏សំខាន់របស់សត្វក្រៀលក្នុងការគាំទ្រដល់ការរស់រានមានជីវិតក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ៕
ដោយ៖ សូរិយា