ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំឱ្យអាជ្ញាធរ ខណ្ឌទាំង១៤ ត្រូវចាត់វិធានការធ្វើអនាម័យ តាមទីសាធារណៈជាប់ជាប្រចាំដោយ ប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូន ឈើតាមដងផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចកកដីណែនាំ បែបនេះនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា៖ អាជ្ញាធរ សង្កាត់ បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ សូមចូលរួម ជាមួយអាជ្ញាធរ និងអនុវត្តនូវសេចក្តីណែនាំដូចខាងក្រោម ៖១,ទីសាធារណៈ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈជាប់ជាប្រចាំដោយ ត្រូវប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើ តាមដងផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ២,គ្រប់គ្រឹះស្ថាននានា សាលារៀន វត្តអារាម មន្ទីរពេទ្យ៖ សូមចាត់ចែងធ្វើអនាម័យទាំងក្នុង និងក្រៅ បរិវេណអង្គភាពរបស់ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវស្របតាម គោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ)សំដៅធានាបរិយាកាសការងារល្អ និងសោភ័ណភាព។ ៣,រោងចក្រសហគ្រាស សិប្បកម្ម អាជីវកម្ម៖ ត្រូវធ្វើអនាម័យបរិស្ថានទាំងនៅក្នុង និងជុំវិញទីតាំង របស់ខ្លួន និងត្រូវអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូន អំពី ការគ្រប់គ្រង និងទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ។ ៤,រមណីយ ដ្ឋាន មជ្ឈមមណ្ឌលកំសាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំ ដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្ម សម្រាកលំហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយដាក់ធុងសំរាមឱ្យបាន គ្រប់គ្រាន់ និងដឹកជញ្ជូនចេញឱ្យទាន់ពេលវេលា។
៥, លំនៅដ្ឋាន៖ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យធ្វើអនាម័យបរិស្ថាន នៅតាមលំនៅឋាន និងតាមទីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាត ប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានសមស្រប តាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ ក្នុងទិសដៅធានាឱ្យ បាននូវគុណភាពបរិស្ថាន សោភ័ណភាព និងអនាម័យ។ ៦,មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវសហការជាមួយទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន៖ រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅទីតាំងសមស្របណាមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមូល និងបូកសរុបរបាយការណ៍លទ្ធផលអនុវត្តរបស់រដ្ឋបាលខណ្ឌទាំង១៤ ផ្ញើជូនរដ្ឋបាល រាជធានីភ្នំពេញ ៕
ដោយ ៖ សំរិត