ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»

ចែករំលែក៖

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំទទួលបន្ទុក នាព្រឹកថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណផ្ទាល់ដល់មន្រ្តីសុខាភិបាល ដែលបានចូលរួមលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ កីឡាករ កីឡាការិនី ចំណុះទូក នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះសុខាភិបាល «ការលះបង់ដោយសេចក្តីគោរពស្មោះស្ម័គ្រនៃបុគ្គលិកសុខាភិបាល នៅពីក្រោយការសប្បាយរីករាយរបស់ប្រជាពលរដ្ឋដ៏ឧត្តុង្គឧត្តមនៃយើង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក»។

ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យប្រចាំការ គ្រូពេទ្យចល័ត ក្រុមរថយន្តគិលានសង្រ្គោះ ទាំង៦០៧នាក់/មួយថ្ងៃ ដែលបានប្តូរផ្លាស់វេនទៅតាមថ្ងៃនីមួយ ដែលបានបំពេញការងារក្នុងរយ:ពេល២ថ្ងៃកន្លងមកនេះ ចូលរួមយ៉ាងសស្រាក់ស្រាំ ប្រកបដោយទឹកចិត្តករុណា សន្តោស សប្បុរស ជូនប្រជាពលរដ្ឋ។​ លោក​សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យមន្រ្តីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ និងខិតខំបន្តទៀតក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រហូតដល់ពិធីបានបញ្ចប់ជាស្ថាពរ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការខិតខំរបស់ក្រុមគ្រូពេទ្យនាពេលនេះ នឹងមានចងចាំទុកជាអនុស្សាវរីយ៍ ចំពោះស្នាដៃក្នុងការចូលរួមក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ ដែលពិតជាស័ក្តសមនឹងកិត្តិនាម «គ្រូពេទ្យជាកងទ័ពអាវស បំពេញភារកិច្ចរបស់ទេវតា»។ ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ការចូលរួមរបស់មន្រ្តីសុខាភិបាលថា «ការចូលរួមនាពេលនេះគឺពិតជាការងារដ៏ប្រពៃណីថ្លៃថ្លា ដែលបង្ហាញការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្នុងការពង្រឹង និងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។ បើមិនមានសេចក្តីសុខ បើមិនមានសន្តិភាពពេញលេញ យើងប្រាកដណាស់ថាមិនមានឱកាសមកជួបជុំគ្នាឈរនៅទីនេះ ចូលរួមរីករាយ និងបម្រើបងប្អូនប្រជាពលរដ្ឋយើងនោះទេ។»

ជាទីបញ្ចប់ លោករដ្ឋមន្រ្តី សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពល្អ និងសប្បាយរីករាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ និងជូនពរមន្រ្តីសុខាភិបាលទាំងអស់ សូមប្រកបដោយ សុខសុវត្ថិភាពពេលត្រឡប់ទៅកាន់ខេត្តខ្លួនវិញ និងទទួលបានភាពសប្បាយរីករាយពេលត្រឡប់ជួបជុំក្រុមគ្រួសារ។

ពិធីនេះដែររៀបចំឡើងនៅទីធ្លាបឹងកក់ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី​ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រីនាយក នាយករងមន្ទីរពេទ្យជាតិ និងលោកអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រូពេទ្យប្រចាំការ៕

ដោយ​៖ តារា​


ចែករំលែក៖