ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាគឺជាការប្រមូលផ្ដុំនូវធនធានគ្រប់យ៉ាង ដើម្បីប្រទេសជាតិមានអភិវឌ្ឍន៍និងរីកចម្រើន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ការមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញរបស់បងប្អូនគឺជាគិតនិងសម្រេចចិត្តដ៏ត្រឹមត្រូវនិងមិនហួសពេលទេក្នុងការប្រមូលផ្ដុំនូវធនធានគ្រប់យ៉ាងនិងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹង ប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។  ឧបនាយករដ្ឋមន្ត្រី ហ៊ុនម៉ានីមានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសបញ្ចូលនិងទទួលស្គាល់សមាជិកថ្មីប្រមាណ៣០៧នាក់មកពីបណ្តាគណបក្សដែលមាននិន្នាការប្រឆាំងក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ហ៊ុន ម៉ានី មានប្រសាសន៍ទៀតថា រយៈពេល ៧៣ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញ យ៉ាងណាក្ដីគណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិសេ្នហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាពដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ មិនតែប៉ុណ្ណោះគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាពគឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ ការការពារឯករាជ្យ អធិបតេយ្យនិងបូរណភាពទឹកដី ការតស៊ូ រំដោះជាតិ ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ការការពារ ស្ដារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌និងការអភិវឌ្ឍ។

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ដោយមានការគាំទ្រនិងការជឿជាក់ពីជនរួមជាតិលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្ម និងផ្តើមឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិប្រកបដោយជោគជ័យក្នុងរយៈពេលជាង៤៥ឆ្នាំកន្លងមកនេះ។ឯកឧត្តមថាឧបសគ្គនិងការលំបាករាប់ម៉ឺនជំពូកដែលយើងបានជួបនិងឆ្លងកាត់ក្នុងដំណាក់កាល៤៥ឆ្នាំនេះគឺមិនអាចរាប់បានឡើយ ប៉ុន្តែយើងអាចអះអាងប្រកបដោយមោទនភាពបំផុត អំពីបណ្ដាសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានក្នុងការស្ដារ ការកសាង និងអភិវឌ្ឍសង្គមជាតិ ដោយចាប់ផ្ដើមពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទីដោយអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសជាតិទាំងមូលមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្ដូររីកចម្រើនលើគ្រប់វិស័យ។ជាមួយគ្នានេះ យើងក៏បានធ្វើឱ្យបរាជ័យគ្រប់ជំហានចំពោះឧបាយកលនិងសកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់កម្លាំងនយោបាយជ្រុលនិយមនិងមជ្ឈដ្ឋានអគតិមួយចំនួន ដែលប៉ុនប៉ងផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖