ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃ សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ ទីក្រុងបីស្តេក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។ លោក សោម វិសាល អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងលោក Aibek Moldogaziev អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះចំណងទំនាក់ទំនងល្អយូរអង្វែង ដែលត្រូវបានពូនជ្រុំ និងថែរក្សា ដោយប្រជាជននៃប្រទេសទាំងពីរ និងទន្ទឹងរង់ចាំរៀបចំសកម្មភាពរួមគ្នាប្រកបដោយអត្ថន័យ ដើម្បីអបអរ ខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៥។

ភាគីទាំងពីរបានលើកអំពីការវិវឌ្ឍនៃស្ថានភាពនយោបាយ សេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន និងទិសដៅ របស់ប្រទេសខ្លួនរៀងៗខ្លួន និងបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី។ កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើការរួមគ្នាឱ្យបានជិតស្និទ្ធ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវ ចំណងមិត្តភាព សម្រាប់ផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ។

ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ជាទៀងទាត់ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងស្វែងរកមធ្យោបាយនានា ដើម្បីទាញយកនូវផលប្រយោជន៍រួមពីសក្តានុពលជាច្រើន និងកាលានុវត្តភាពសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាគីកៀហ្ស៊ីស៊ីស្ថានរង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវការរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញមកសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន នៅឆ្នាំ២០២៥ ខាងមុខ។ ភាគីទាំងពីរក៏បានចែករំលែកទស្សនៈអំពីការជំរុញការប្រាស្រ័យទាក់ទងរវាងស្ថាប័ននីតិបញ្ញត្តិនៃ ប្រទេសទាំងពីរ ដើម្បីគាំទ្រដល់ទំនាក់ទំនងការបរទេសនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងបានពិភាក្សាពីលទ្ធភាពនៃការបង្កើតក្រុមមិត្តភាពសភាកម្ពុជា-កៀហ្ស៊ីស៊ីស្ថានផងដែរ។

ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ដោយទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការសេព កៀហ្ស៊ីស៊ីស្ថាន នៅមានកង្វះខាតច្រើនដែលអាចជំរុញឱ្យបានប្រសើរ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ធ្វើការរួមគ្នាដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងការផ្លាស់ប្តូរ ទេសចរណ៍។ ភាគីទាំងពីរក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងស្នើឱ្យ មានកិច្ចសហការជិតស្និទ្ធរវាងសភាពាណិជ្ជកម្មកម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ដើម្បីទាញយកផលប្រយោជន៍ពី សក្តានុពលសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចរបស់ប្រទេសទាំងពីរ។

ភាគីទាំងពីរកត់សម្គាល់ថា កម្ពុជា និងកៀហ្ស៊ីស៊ីស្ថានមានសក្តានុពលជាច្រើនក្នុងវិស័យទេសចរណ៍ និង បានឯកភាពជំរុញស្ថាប័នពាក់ព័ន្ធឱ្យធ្វើការជិតស្និទ្ធជាមួយគ្នា រួមគ្នា ដើម្បីបង្កើនការផ្លាស់ប្តូរទេសចរណ៍។ ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ដោយបង្ហាញគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀត ដែលមានផលប្រយោជន៍ ទៅវិញទៅមក ដូចជា អប់រំ វប្បធម៌ សុខាភិបាល កសិកម្ម និងបរិស្ថាន ភាគីទាំងពីរបានលើកទឹកចិត្តឱ្យស្ថាប័ន ពាក់ព័ន្ធចាប់ផ្តើមពិភាក្សាឡើងវិញពីការបង្កើតអនុស្សរណៈនៃការយោគយល់ក្នុងវិស័យទាំងនេះ។

ក្រៅពីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរជាតិ និងជំរុញការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) កិច្ចសន្ទនាស្តីពី កិច្ចសហប្រតិបត្តិការអាស៊ី (ACD) និងអាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ភាពសុខុដុម និងការ អភិវឌ្ឍប្រកបដោយចីរភាព។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរ ជាតិ ដែលជាក្តីកង្វល់រួមផងដែរ។

អំឡុងពេលទស្សនកិច្ចនេះ លោក សោម វិសាល បានជួបសម្តែងការគួរសមចំពោះ លោក Kulubaev Zheenbek រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ហើយភាគីទាំងពីរបានពិភាក្សាពី មធ្យោបាយនានា ដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំង ក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

គណៈប្រតិភូកម្ពុជាបានថ្លែងអំណរគុណចំពោះភាគីកៀហ្ស៊ីស៊ីស្ថាន ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅ អំឡុងពេលស្នាក់នៅទីក្រុងប៊ីស្តេក ព្រមទាំងបានឯកភាពគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់បន្ទាប់ នៅ ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៦ តាមពេលវេលាសមស្រប ៕ 

ដោយ ៖ សិលា


ចែករំលែក៖